រដ្ឋមន្ត្រីក្រសួងការងារ៖ ក្នុងរាជធានីភ្នំពេញ វិស័យកាត់ដេររកចំណូលបានប្រមាណ ១ ១០០ លានដុល្លារក្នុងមួយឆ្នាំ
សេដ្ឋកិច្ច June 15, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គ្រាន់តែនៅក្នុងរាជធានីភ្នំពេញសម្រាប់វិស័យកាត់ដេរ រកចំណូលប្រមាណ ១ ១០០ លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានរោងចក្រចំនួន ៩ ៣១៤ និងមានកម្មករ និយោជិត៦៦ម៉ឺននាក់ និងប្រាក់ឈ្នួលមធ្យមប្រមាណ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ឯកឧត្ដមថ្លែងបញ្ជាក់ថា ក្នុងនោះ រោងចក្រវិស័យកាត់ដេរមានចំនួន៧២៧រោងចក្រ ដែលមានកម្មករសរុប៣៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុប ជាមធ្យមចំនួនប្រមាណ ១ ១០០ លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា សម្រាប់រាជធានីភ្នំពេញគឺជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ស្ថានភាពទីផ្សារការងារ នៅក្នុងប្រទេសកម្ពុជាមានភាពរឹងមាំ និងរក្សាបានការងារធ្វើខ្ពស់ប្រមាណ៩៩.៣ភាគរយ នៃកម្លាំងពលកម្មសរុប១០.៨លាននាក់។ ឯកឧត្តមបានបន្ដថា បច្ចុប្បន្នសហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធបានចុះបញ្ជីនៅក្រសួងការងារចំនួន ១៧ ២៥៦ សហគ្រាស និងកម្មករ១លាន៥សែននាក់ ខណៈនៅ ឆ្នាំ១៩៩៧ សហគ្រាស រោងចក្រនៅក្នុងវិស័យកាត់ដេរមានត្រឹមតែ៦៤រោងចក្រ និងកម្មករចំនួន ប្រមាណ៨ម៉ឺននាក់ និងតម្លៃនាំចេញមានចំនួន២២៧លានដុល្លារអាម៉េរិក។

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានអះអាងថា នៅក្នុងឆ្នាំ២០២៣ រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរកើនឡើងដល់ ១ ៣២៦ រោងចក្រ ដែលកម្មករ និយោជិត៨៤ម៉ឺននាក់ និងតម្លៃនាំចេញមានប្រមាណ១៣ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២២។ ឯកឧត្តមបានបន្ថែមថា ក្នុងប្រទេសកម្ពុជាកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលច្រើនជាងបណ្តាប្រទេសមួយចំនួនដូចជា វៀតណាម ស្រីលង្កា បង់ក្លាដែស មីយ៉ាន់ម៉ា និងឡាវ ៕

ប្រភព៖ ក្រសួងព័ត៌មាន