យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន្យដឹងថា ចំការចេកអំបូងវិនិយោគដោយជនជាតិចិនស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គ្រោងពង្រីកផ្ទៃដីដាំដុះ ដើម្បីបង្កើនការផលិតឆ្លើយតបនឹងតម្រូវការនាំចេញទៅទីផ្សារអន្តរជាតិ។
លោក វី ហ្វូជាង ( Wu Fuxiang) ប្រធានផ្នែកគ្រប់គ្រងតំបន់២នៃក្រុមហ៊ុន ណុង យី ហ្វាហាន់ (NONG YE FAZHAN CO,LTD) បានលើកឡើងថា ក្រុមហ៊ុនសម្រេចចិត្តដាក់ទុនវិនិយោគចំការចេកនៅកម្ពុជា ដោយសារមើលឃើញថាដីមានជីជាតិ និងអាកាសធាតុ អំណោយផលដល់ការដំណាំកសិកម្ម ។
លោកបានបញ្ជាក់ថា “ក្រុមហ៊ុនបានវិនិយោគក្នុងទំហំទឹកប្រាក់ជាង១៦លានដុល្លារ តាំងពីឆ្នាំ២០២១ លើផ្ទៃដី៦០០ហិកតា ដោយបានដាំចេកពេញគ្រប់ទីកន្លែងនឹងកំពុងពង្រីកផ្ទៃដីបន្ថែមទៀតដើម្បីតម្រូវការទីផ្សារកាន់តែកើនឡើងជាបន្តបន្ទាប់ “។
ប្រធានផ្នែកគ្រប់គ្រងតំបន់២នៃក្រុមហ៊ុននោះ បានលើកឡើងកាលពីសប្តាហ៍កន្លងទៅថា បច្ចុប្បន្ន ក្រុមហ៊ុន ផ្តល់ការងារធ្វើដល់បុគ្គលិកចិនចំនួន ២០នាក់ និង បុគ្គលិក កម្មករកម្ពុជាជាង ១ ២០០នាក់ ។
លោកបានបន្តថា ចេកស្រស់ត្រូវបាននាំចេញដោយផ្ទាល់ទៅប្រទេសចិន ហើយក្នុងមួយឆ្នាំនាំចេញប្រមាណ ជា៤ម៉ឺនតោន ដោយចេកស្រស់ទាំងនោះមានដាក់លក់តាមផ្សារទំនើបធំៗនៅប្រទេសចិន។
គួរបញ្ជាក់ដែរថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់ កម្ពុជារបស់យើង មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី ស្វាយ មៀនផងដែរ។
កម្ពុជាបានចាប់ផ្តើមនាំចេញស្រស់ជាផ្លូវការទៅកាន់ប្រទេសចិន នៅឆ្នាំ២០១៩។ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទបានឲ្យដឹងថា នាឆ្នាំ២០២២ កន្លងមក កម្ពុជានាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៣៤៥ ៤៧០តោន៕


ប្រភព៖ ក្រសួងព័ត៌មាន


