យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយ ស៊ី ស៊ី-អង្គរ) នៅខេត្តសៀមរាបនេះ បានឈានដល់ថ្ងៃទី២ហើយ។
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរានេះ ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ កំពុងពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍នានា នៅក្នុងតំបន់រមណីយដ្ឋានដែលប្រកបដោយចីរភាព ព្រមទាំងជជែកអំពីទេសភាពវប្បធម៌នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ។
ក្នុងកិច្ចប្រជុំរយៈពេលជាច្រើនម៉ោងនៅថ្ងៃទី១៣ខែមិថុនានេះ ក្រុមអ្នកជំនាញ អាយ ស៊ី ស៊ី អង្គរ ក៏បានលើកមកពិភាក្សាអំពីចំណុចជាច្រើនទៀត ដូចជាគម្រោងរបស់មជ្ឈមណ្ឌលអេកូទេសចរណ៍ គម្រោងតម្លើង Wi-Fi សាធារណៈ ឱ្យមហាជនប្រើប្រាស់ដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលក្នុងតំបន់អង្គរជាដើម។
សូមបញ្ជាក់ថា គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយ ស៊ី ស៊ី-អង្គរ) កំពុងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៣នេះ ដើម្បីពិនិត្យ និងផ្ដល់អនុសាសន៍ទៅលើកិច្ចការទាំងឡាយពាក់ព័ន្ធទៅលើការអភិរក្ស ថែរក្សាបេតិកភណ្ឌនិងរមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងតំបន់អង្គរ៕






ប្រភព៖ ក្រសួងព័ត៌មាន


