សម្ដេចតេជោ ហ៊ុន សែន ព្យាការណ៍ថា ចំនួនប្រជាជនកម្ពុជាអាចកើនឡើងដល់ប្រមាណ ២០លាននាក់នៅឆ្នាំ២០៣០
សេដ្ឋកិច្ច June 13, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំនួនថាចំនួនប្រជាជនកម្ពុជាអាចកើនឡើងដល់ប្រមាណ២០លាននាក់នៅឆ្នាំ២០៣០។ ក្នុងខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កាលពីក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត កម្ពុជាមានប្រជាជនតែប្រមាណ ៥លាននាក់ទេ ក៏ប៉ុន្តែ២០២៣នេះ គឺឡើងរហូតដល់ប្រមាណជា ១៧លាននាក់»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានថ្លែងរម្លឹកថា ប្រសិនបើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៧ យើងនឹងបន្តឆ្ពោះទៅដល់គោលដៅនៃបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូចអ្វីដែលយើងបានដាក់ចេញជាគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បាន រម្លឹកដល់ប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយទេ ខណៈដែលជំងឺប្រភេទនេះ ជាពិសេស នៅក្នុងប្រទេសខ្លះនៅលើពិភពលោក នេះបាននិងកំពុងងើបឡើងវិញ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើឱ្យកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់ដូសជំរុញ ត្រូវបន្តទៅទទួលយកវ៉ាក់សាំងនៅតាមមន្ទីរពេទ្យនានា ដើម្បីធានាសុខមាលភាពចៀងវាងកុំឱ្យជំងឺកូវីដ-១៩ ងើបឡើងវិញនៅក្នុងប្រទេសរបស់យើង ជាពិសេសសម្តេចបានបន្តអំពាវនាវទៅកាន់កម្មករ កម្មការិនី នៅចំពោះមុខឱ្យបន្តទៅទទួលយកវ៉ាក់សាំង ជាដូសទី៤ ទី៥ ឬអាចដូសទី៦ បន្តទៀតនៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាត ព្រោះថាមានតែវ៉ាក់សាំងទេ ដែលជាអាវក្រោះអាចបន្តការពារខ្លួនបាននោះ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនៅខណ្ឌពោធិ៍សែនជ័យនេះចំនួន ១៤ ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែ លមានកម្មករ និយោជិត ចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករ និយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០។ ហើយជំនួបថ្ងៃនេះ ជាជំនួបលើកទី១៥ ហើយ ដែលសម្តេចតេជោនាយករ ដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត សរុបចំនួន ១៨ ០៣១ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរចំនួន៧ ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ ដេរស្បែកជើងចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា អឺរ៉ុប អាម៉េរិក កាណាដា និងជប៉ុន ជាដើម។ នៅរាជធានីភ្នំពេញ គិតត្រឹមឆ្នាំ២០២៣ មានរោងច ក្រ សហគ្រាស ចំនួន ៩ ៣១៤ និងមានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបប្រ មាណ ១០,៨លាននាក់។ បច្ចុប្បន្នសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រ សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧ ២៥៦ ដែលមានកម្មករ និយោជិត ចំនួន ១,៥លាននាក់។ ការនាំចេញរបស់កម្ពុជា មានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក តួលេខនេះ គិតក្នុងឆ្នាំ២០២២ ប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងព័ត៌មាន