យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលវិស័យទេស ចរណ៍ និងឱកាសវិនិយោគក្នុងវិស័យនេះ ដល់ឯកឧត្តម ថានីប៊ីន អាម៉េដ អាល់ ហ្សេយូឌី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញ ចំណាប់អារម្មណ៍ នៃការរីកចម្រើននៅប្រទេសកម្ពុជា និងចង់ឈ្វេងយល់ពីវិស័យទេសចរណ៍ នៅកម្ពុជាផងដែរ។
ឯកឧត្តម ថោង ខុន បានជម្រាបដល់ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត អារ៉ាប់រួមថា កម្ពុជាមានឱកាសវិនិយោគច្រើន ពិសេសលើវិស័យទេសចរណ៍ ដែលកំពុង ត្រូវការការអភិវឌ្ឍបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីរួមចំណែកក្នុងគោល នយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម ពិសេសរាជរដ្ឋាភិបាលកម្ពុជាមាន ការលើកទឹកចិត្តខ្ពស់ដល់អ្នកវិនិយោគគ្រប់គ្នា។ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ភាគីអេមីរ៉ាតអារ៉ាប់រួម អាចទំនាក់ទំនងជាមួយ ស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំទីក្រុងឌូបៃ ដើម្បីទទួលបានព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងកម្ពុជា ការដឹកនាំរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ការវិនិយោគ និងសក្ដានុពលវិស័យទេសចរណ៍។
ឯកឧត្តម បានបន្តទៀតថា នៅប្រទេសកម្ពុជាកំពុងមានអភិវឌ្ឍលើគ្រប់វិស័យ មានសុខសន្តិភាព ស្ថិរភាព មានការអភវិឌ្ឍហេដ្ឋារចនាសម្ពន្ធ ទីក្រុង ផ្លូវល្បឿនលឿន ដែលអាចឱ្យអ្នកវិនិយោគមើលឃើញពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាបាន។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យលោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួមសូមជួយជំរុញ ឱ្យមានការហោះត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Emirates ពីឌូបៃមកកម្ពុជាឡើងវិញ ដើម្បីកំណើនទេសចរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមមក កាន់កម្ពុជាបន្ថែមទៀត និងជួយសហការជំរុញការចុះអនុស្សរណៈយោគយល់ ស្ដីពីកិច្ចសហប្រត្តិការលើវិស័យទេសចរណ៍ឡើងវិញ ដែលធ្លាប់បានចុះហត្ថលេខាកាល ពីឆ្នាំ២០១២ហើយ ដែលបច្ចប្បន្នបានអស់សុពលភាព។
គួរជម្រាបថា កន្លងមក រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម មានការតភ្ជាប់ជើងហោះហើរ ឌូបៃ-យ៉ាងហ្គូន-ភ្នំពេញ ដែលជាមធ្យោបាយសម្រាប់ការធ្វើដំណើររបស់ទេសចរ ទៅមកប្រទេសទាំងពីរ និងទាក់ទាញរំហូរទេសចរប្រទេសទី៣ផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


