យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
កិច្ចពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ ធុរជន និងវិនិយោគិន នៃប្រទេសទាំងពីរ ជាច្រើនរូបផងដែរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA) បានឈានដល់ពិធីចុះហត្ថលេខា។
ស្របតាមស្មារតីនេះ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។
ជាមួយគ្នានេះ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និងក្រុមប្រឹក្សាវិនិយោគ ក៏បានធ្វើការណែនាំខ្លួនជូនដល់កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួន ដែលអាចធ្វើកិច្ចសហប្រតិបត្តិការបានជាមួយវិនិយោគិន និងធុរជនកម្ពុជា នាពេលខាងមុខ។
នៅកិច្ចបញ្ចប់នៃជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមក្នុងសន្និសិទព័ត៌មាន ដើម្បីផ្សព្វផ្សាយជាថ្មីម្តងទៀតជូនសាធារណជន អំពីអត្ថប្រយោជន៍ ដែលរំពឹងថាអាចទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាននាពេលខាងមុខ៕







ប្រភព៖ ក្រសួងពាណិជ្ជកម្ម


