រដ្ឋមន្រ្តីក្រសួងសាធារណការ៖ ក្រុមហ៊ុនចិន សន្យាថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងអាចចុះហត្ថលេខាបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ ខណៈត្រូវសិក្សាលម្អិត ៦ខែទៀត បញ្ជៀសការប៉ះពាល់លើសំណង់បុរាណ
សេដ្ឋកិច្ច June 7, 2023 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នឹងចំណាយពេលយ៉ាងយូរបំផុតត្រឹម ៦ខែ ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងចៀសវាងការប៉ះពាល់លើសំណង់បុរាណនៅក្នុងខេត្តសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រ ដោយត្រូវបែងចែកជាពីរដំណាក់កាល។ ដំណាក់ទី១ ភ្នំពេញ-សៀមរាប មានប្រវែងប្រហែលជា ២៥០គីឡូម៉ែត្រ ត្រូវឱ្យក្រុមហ៊ុនសិក្សាលម្អិតបន្ថែមទៀត ថាតើត្រូវធ្វើតាមណាដើម្បីកុំឱ្យមានការចំណាយខ្ពស់ក្នុងការសាងសង់ ត្រូវធ្វើតាមណាដើម្បីកាត់បន្ថយការប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ឬកុំឱ្យប៉ះពាល់សំណង់បុរាណ ខណៈយើងដឹងស្រាប់ហើយថា សៀមរាបជាតំបន់ប្រវត្តិសាស្រ្ត។ ដោយឡែកសម្រាប់ដំណាក់កាលទី២ គឺ ប្រវែង ១៥០គីឡូម៉ែត្រ ពីសៀមរាបទៅ ប៉ោយប៉ែត។

ឯកឧត្តមបានបន្ថែមថា កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ គឺអនុញ្ញាតទុកពេលវេលាជូនក្រុមហ៊ុនរយៈពេល ១២ខែ ប៉ុន្តែក្រុមហ៊ុនត្រូវការយ៉ាងច្រើនបំផុតតែ ៦ខែប៉ុណ្ណោះ ដើម្បីសិក្សាលម្អិត ដើម្បីបានជាលទ្ធផលអំពីគម្រោងនេះមុនផ្ដល់ជូនរាជារដ្ឋាភិបាល ជាពិសេសផ្ដល់ជូនគណកម្មាធិការអន្តរក្រសួងត្រួតពិនិត្យ និងពិភាក្សា ដើម្បីឈានដល់ការចុះហត្ថលេខាភាពជាដៃគូ រដ្ឋ និងឯកជន ដូចផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដូចគ្នា។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានបញ្ជាក់បន្ថែមថា តាមការគ្រោងទុក និងការសន្យារបស់ក្រុមហ៊ុន យ៉ាងយូរបំផុតនៅឆ្នាំ២០២៤ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវចុះហត្ថលេខាបើកការដ្ឋានសាងសង់៕

អត្ថបទ៖ លីនី