សមាគមដូងវៀតណាមបាននិយាយថា វៀតណាមនឹងរកចំណូលបាន ១ពាន់លានដុល្លារពីការនាំចេញដូងស្រស់ និងផលិតផលដែលផលិតពីផ្លែដូងនៅឆ្នាំនេះ ពោលគឺកើនឡើងពី ៩០០លានដុល្លារកាលពីឆ្នាំមុន ខណៈដែលប្រទេសចិនបានបង្កើនការនាំចូលផ្លែដូង ជាហេតុធ្វើឱ្យការនាំចេញរបស់វៀតណាមកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress។

លោក Nguyen Dinh Tung នាយកប្រតិបត្តិនៃក្រុមហ៊ុន Vina T&T Import-Export Company បាននិយាយថា ក្រុមហ៊ុនរបស់លោកបាននាំចេញដូងស្រស់ចំនួន ១៥កុងតឺន័រទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជារៀងរាល់ខែ ហើយការនាំចេញក៏កំពុងកើនឡើងផងដែរ។ ជាមួយគ្នានេះលោក Nguyen Van Thu ប្រធានក្រុមហ៊ុន G.C Food Joint Stock Company ដែលជាម្ចាស់ចម្ការចាហួយដូងធំជាងគេរបស់ប្រទេស បាននិយាយថា ក្រុមហ៊ុនរបសលោកមានផែនការបង្កើនការនាំចេញ ក្នុងនោះរួមទាំងចាហួយផងដែរ។
ជាមួយគ្នានេះដែរ លោក Cao Ba Dang Khoa អគ្គលេខាធិការស្តីទីនៃសមាគមដូងវៀតណាមបានប្រាប់ VnExpress ថា ប្រទេសចិនចង់នាំចូលដូង និងផលិតផលដូងពីវៀតណាមតាមរយៈកូតាផ្លូវការ។ គាត់បានបន្ថែមថា អ្នកប្រើប្រាស់ជនជាតិចិនចូលចិត្តផលិតផលភាគច្រើនដែលផលិតពីដូង។ ដោយឡែកយោងតាមនាយកដ្ឋានការពាររុក្ខជាតិបានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងពិចារណាអនុញ្ញាតឱ្យមានការនាំចូលផ្លែដូងស្រស់បន្ថែមទៀត ពីប្រទេសវៀតណាមនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា កាលពីប្រាំឆ្នាំមុន វៀតណាមមិនស្ថិតនៅលើផែនទីនាំចេញដូងនៅលើសកលទេ ប៉ុន្តែឥឡូវនេះវៀតណាមបានក្លាយជាអ្នកនាំចេញដូង និងផលិតផលដូងធំបំផុតទីបួននៅអាស៊ីប៉ាស៊ីហ្វិក៕
អត្ថបទ៖ លីនី