នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធីបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ ធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
នាឱកាសនោះសម្ដេចតេជោ មានក្តីរំពឹងមុតមាំថា កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ យ៉ាងយូរបំផុត ហើយបន្តទៅយើងនឹងដើរដល់គោលដៅនៃការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ប្រទេសយើងជាប្រទេសមួយដែលវិវត្តន៍ទៅមុខ ហើយចំនុចនេះក៏សុំបញ្ជាក់ផងដែរ យើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ចំណុចចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលវាអាចនឹងកើតនៅឆ្នាំ២០២៧ ហើយកំពុងតែដើរឆ្ពោះទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៣០ »។
ជាមួយគ្នានោះដែរ សម្ដេចបានគូសបញ្ជាក់ថា យោងតាមការព្យាករណ៍សេដ្ឋកិច្ច យើងអាចសម្រេចបាននៅឆ្នាំ២០៣០ បើទោះបីជាជំងឺរាតត្បាតបានកើតឡើងនៅក្នុងប្រទេសរបស់យើង ក៏ដូចជានៅក្នុងពិភពលោក ដែលវាបានកើតឡើងក៏ដោយ សម្ដេចតេជោ រំពឹងមុតមាំ និងជាក់លាក់ថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ យ៉ាងយូរបំផុត ហើយបន្តទៅយើងនឹងដើរដល់គោលដៅនៃការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយកំណើនសេដ្ឋកិច្ចដែលយើងបាននឹងកំពុងមាននៅសព្វថ្ងៃនេះ ផ្ដល់ឱកាសឱ្យយើងឈានទៅដល់គោលដៅនោះ៕


អត្ថបទ៖ លីនី


