ឡានដឹកទំនិញរបស់វៀតណាមប្រមាណជាង ៧០០គ្រឿង ដែលភាគច្រើនដឹកកសិផលទុរេន កំពុងជាប់គាំងនៅក្នុងខេត្ត Lang Son ប្រទេសវៀតណាម ខណៈរថយន្តដឹកទំនិញទាំងនេះកំពុងព្យាយាមសម្រុកចូលទៅប្រទេសចិន។ ការជាប់គាំងនេះ បណ្ដាលមកពី តម្រូវការខ្ពស់នៅក្នុងរដូវប្រមូលផលផ្លែឈើ។

លោក Hoang Khanh Duy អនុប្រធានការិយាល័យរដ្ឋាភិបាលដែលគ្រប់គ្រងច្រកព្រំដែន Lang Son បាននិយាយថា ការកកស្ទះបានបិទច្រកព្រំដែនភាគខាងជើងអស់រយៈពេលជាងមួយសប្តាហ៍ ជាពិសេសនៅច្រកទ្វារព្រំដែន Huu Nghi ខណៈការនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិនត្រូវបានអនុញ្ញាតជាផ្លូវការ។
លោក Duy បានបន្ថែមទៀតថា មន្ត្រីវៀតណាមបានស្នើឱ្យសមភាគីចិនរបស់ពួកគេធ្វើការបន្ថែមម៉ោង ដើម្បីបង្កើនចរាចរណ៍នៅ Huu Nghi ។ លើសពីនេះពួកគេក៏បានស្នើឱ្យច្រកទ្វារព្រំដែន Tan Thanh មានការអនុញ្ញាតឱ្យត្រួតពិនិត្យជាផ្លូវការនូវពាណិជ្ជកម្មទុរេន ខណៈ កាលពីថ្ងៃអង្គារ ឡានដឹកផ្លែទុរេនចំនួន ៦៣គ្រឿងបានឆ្លងកាត់ច្រកនេះ។
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអំពាវនាវដល់ស្ថាប័នរដ្ឋាភិបាលនៅល្ងាចថ្ងៃពុធ ដើម្បីពន្លឿនការឆ្លងកាត់រថយន្តដឹកផលិតផលទៅកាន់ប្រទេសចិន។ លោកបានបន្ថែមថា នីតិវិធីគួរតែត្រូវបានធ្វើឱ្យសាមញ្ញ ដើម្បីបង្កើនការដឹកជញ្ជូន ដូច្នេះផ្លែឈើអាចនៅស្រស់បាន៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress