ផលិតផលជលផលកម្ពុជា ១២ប្រភេទត្រូវបានក្រសួងពាណិជ្ជកម្មចិន អគ្គនាយកដ្ឋានគយនៃប្រទេសចិន សម្រេច ចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធ ដើម្បីអនុញ្ញាតឱ្យនាំចូលទីផ្សារប្រទេសចិន។ នេះដោយយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
តាមសារព័ត៌មានដដែលបានឱ្យដឹងថា អគ្គនាយកដ្ឋានគយចិន បានធ្វើបច្ចុប្បន្នភាពព័ត៌មានការចុះឈ្មោះសហគ្រាសផលិតចំណីអាហារនាំចូលពីបរទេស ហើយជាលទ្ធផលបានបង្ហាញថា ផលិតផលជលផលកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយនៃការនាំចេញទៅកាន់ប្រទេសចិន ហើយការបញ្ចប់នេះមានន័យថា ផលិតផលជលផលកម្ពុជាឥឡូវអាចនាំចេញទៅប្រទេសចិនបានហើយ។
ជាមួយគ្នានេះ សារព័ត៌មាន Xinhua បានឱ្យដឹងថាទៀតថា ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលជលផលធម្មជាតិចំនួន ១២ ប្រភេទទៅកាន់ប្រទេសចិន ដែលក្នុងនោះរួមមាន បង្គាធម្មជាតិ ត្រីធម្មជាតិ អន្ទង់ស្រែ ខ្យងស្រែជាដើម។
សូមបញ្ជាក់ផងដែរថា នេះជាដំណឹងល្អថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការជំរុញផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារចិន ខណៈកាលពីពេលថ្មីៗនេះ ប្រទេសចិន បានអនុញ្ញាតឱ្យនាំចេញ ម្រេចកម្ពុជាទៅកាន់ប្រទេសចិននៅឆ្នាំនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ Xinhua