រដ្ឋមន្រ្តីក្រសួងសាធារណការ សូមអភ័យទោសបងប្អូនដែលប្រើប្រាស់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ខណៈបច្ចុប្បន្នគម្រោងសិក្សាចប់សព្វគ្រប់ហើយ រង់ចាំតែថវិកាប៉ុណ្ណោះ
សេដ្ឋកិច្ច May 30, 2023 Khmernote

ក្នុងដំណើរបេសកកម្មចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសូមអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៣ កំពត-វាលរេញ ខណៈមកទល់ពេលនេះ គម្រោងជួសជុលបានសិក្សាចប់សព្វគ្រប់ហើយ រង់ចាំតែថវិកាប៉ុណ្ណោះ។

នៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ « ចំពោះកំណាត់ផ្លូវ កំពត-វារេញ ប្រវែង ២០គីឡូម៉ែត្រ ខ្ញុំសូមអភ័យទោសទោសដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ ខណៈបច្ចុប្បន្នខាងក្រសួងបានសិក្សាចប់សព្វគ្រប់ ដឹងពីរបៀបធ្វើបែបណាហើយ បច្ចេកទេសអត់មានបញ្ហាទេ តែនៅរង់ចាំថវិកាដែលជាកម្ចីមកពីមិត្តចិន ដោយថវិកាសង្ឃឹមថាបាននៅក្នុងឆ្នាំនេះ។ បើបានថវិកា ក្រសួងនឹងធ្វើផ្លូវឱ្យបានរឹងមាំតែម្ដង កុំឱ្យធ្វើថ្ងៃនេះ ខូចខែក្រោយ ដោយសារ ២០គីឡូនេះ ដីវាជ្រាយ បើខួងជម្រៅ ១៨ម៉ែត្រយកដីមកហិតវាស្អុយ ដុតចង់ឆេះ ធ្វើយ៉ាងណាក៏មិនជាប់ដែរ លុះត្រាតែចាក់សសរគ្រឹះដូចធ្វើស្ពាន ប្រវែង ៥គីឡូម៉ែត្រហ្នឹង ចំណែក ១៥គីឡូម៉ែត្រទៀត ត្រូវចាក់បេតុង ទើបជាប់ប្រវែង ២០គីឡូហ្នឹង»។

លើសពីនេះ ឯកឧត្តមបានសូមអភ័យទោសជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋ មិនមែនខាងក្រសួងមិនដឹងនោះទេ បានដឹងហើយ និងបានសិក្សាលម្អិត មានបច្ចេកទេសត្រឹមត្រូវណាស់ ក៏ប៉ុន្តែនៅរង់ចាំថវិកាយកមកធ្វើ ហើយពេលបានថវិកាមកដល់នឹងចាប់ផ្ដើមធ្វើតែម្ដង៕

អត្ថបទ៖ លីនី