រយៈពេល ៥ខែឆ្នាំនេះ វៀតណាមវិនិយោគជាង ៣១៦លានដុល្លារនៅបរទេស ក្នុងនោះកម្ពុជាទទួលបានការវិនិយោគជាង ១៣%
សេដ្ឋកិច្ច May 30, 2023 Khmernote

យោងតាមទីភ្នាក់ងារវិនិយោគ ដែលស្ថិតនៅក្រោមក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា វៀតណាមបានវិនិយោគប្រមាណ ៣១៦.៤ លានដុល្លារនៅបរទេសក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយស្មើនឹង ៩៣.៥% នៃតួលេខដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។

ទីភ្នាក់ងារនេះបាននិយាយថា គិតត្រឹមថ្ងៃទី២០ ខែឧសភា វៀតណាមបានដំណើរការគម្រោងនៅក្រៅប្រទេសចំនួន ១,៦៤៨ ជាមួយនឹងការវិនិយោគរួមគ្នាក្នុងតម្លៃជិត ២២.១​ពាន់លានដុល្លារ ដែលក្នុងនោះមាន ១៤១គម្រោង វិនិយោគដោយសហគ្រាសរដ្ឋដែលមានតម្លៃ ១១.៦៧ពាន់លានដុល្លារ ស្មើនឹង ៥២.៨% នៃចំនួនសរុបរបស់ប្រទេស។

ជាមួយគ្នានេះដែរ ការវិនិយោគរបស់វៀតណាមនៅក្រៅប្រទេសភាគច្រើនគឺការជីកយករ៉ែ ដែលមានដល់ទៅ (៣១,៥%) និងផ្នែក កសិកម្ម រុក្ខាប្រមាញ់-នេសាទ ដែលមានចំនួន (១៥,៦%)។ ចំពោះទិសដៅនាំមុខគេសម្រាប់វិនិយោគិនវៀតណាមគឺ ប្រទេសឡាវ (២៤.៤%) កម្ពុជា (១៣.៣%) និងវ៉េណេស៊ុយអេឡា (៨.៣%)។

គួរបញ្ជាក់ផងដែរថា វិនិយោគិនវៀតណាមនៅក្រៅប្រទេសបានបណ្តាក់ទុនក្នុងវិស័យចំនួន ១៣ ជាពិសេសទៅលើ ការលក់រាយ និងលក់ដុំ ពត៌មាន និងទំនាក់ទំនង ហិរញ្ញវត្ថុ ធនាគារ កសិ-រុក្ខាប្រមាញ់-នេសាទ។ ជាមួយគ្នានេះក្នុងអំឡុងខែមករា ដល់ខែឧសភា ការវិនិយោគរបស់វៀតណាមបានទៅដល់ប្រទេស និងដែនដីចំនួន ២០ ក្នុងនោះប្រទេសនាំមុខគេដែលទទួលបានការវិនិយោគពីវៀតណាមគឺប្រទេសកាណាដា ជាមួយនឹងគម្រោងថ្មី និងគម្រោងពង្រីក ដែលមានតម្លៃជាង ១៥០.២ លានដុល្លារ បន្ទាប់មកសិង្ហបុរី ឡាវ និងគុយបា៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress