ថៃ បាននិយាយថា ​​ពី​ខែ​មករា​ដល់​ពាក់​កណ្តាល​ខែ​ឧសភានេះ ភ្ញៀវ​ទេសចរ​ចិន​ ១​លាន​នាក់​បាន​មក​ទស្សនាក្នុងប្រទេស
ទេសចរណ៍ May 29, 2023 Khmernote

ចាប់ពីខែមករា ដល់ថ្ងៃទី១៨ ខែឧសភា ថៃបានទទួលភ្ញៀវទេសចរណ៍ចិនមួយលាននាក់ បន្ទាប់ពីព្រំដែនរបស់ចិនបានបើកឡើងវិញនេះបើតាមការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ នវបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរំពឹងថា ចំនួនភ្ញៀវចិននឹងបំពេញតាមគោលដៅរបស់ខ្លួនចំនួន ៥ លាននាក់នៅឆ្នាំនេះ ជាមួយនឹងការចំណាយចំនួន ៤៤៦ ពាន់លានបាត (១៣.១៨ ពាន់លានដុល្លារ)។ ជាមួយគ្នានេះរដ្ឋាភិបាលថៃបានលើកឡើងកាលពីពេលថ្មីៗនេះថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបមានចំនួន ៩.៤៧ លាននាក់ ចាប់ពីខែមករា ដល់ពាក់កណ្តាលខែឧសភា បើធៀបនឹងចំនួនភ្ញៀវទេសចរសរុប ១១.១៥ លាននាក់ក្នុងឆ្នាំ២០២២។​

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ភ្ញៀវទេសចរចិនប្រហែល ២៧៤,០០០នាក់ បានទៅទស្សនាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បើធៀបនឹង ១១លាននាក់នៅក្នុងឆ្នាំ២០១៩ គឺមុនពេលមានការការរាតត្បាតជំងឺកូវីដ-19 ឬប្រហែល ២៨ភាគរយនៃចំនួនសរុប។

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia