អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន ៨៥,០៤% ហើយ
សេដ្ឋកិច្ច May 25, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះ អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន ៨៥,០៤%ហើយ។

តាមប្រភពដដែល គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាការសម្រេចឱ្យបាននូវ ចក្ខុវិស័យ របស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូល (Asean Connectivity។

សូមបញ្ជាក់ផងដែរថា គម្រោងស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖
មានប្រវែងសរុប៖ ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ៤០៥ម៉ែត្រ) ទទឹងស្ពាន៖ ១៧ម៉ែត្រ។ ចំណុចចាប់ផ្ដើម៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈចំណុចបញ្ចប់៖ ច្រកព្រំដែនប៉ោយប៉ែត-ថៃ។ គម្រោងនេះបានបើកការដ្ឋានសាងសង់៖ ២០ ខែមីនា ឆ្នាំ២០១៧ បញ្ចប់ការសាងសង់៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់រយៈពេលសាងសង់ ២១ខែ និងទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារអាមេរិក)។ សាងសង់ដោយ៖ កងវិស្វកម្មនៃកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃ និងត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ៕

អត្ថបទ៖ លីនី