ចិន បង្ហាញបំណងបង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិន
សេដ្ឋកិច្ច May 24, 2023 Khmernote

លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្តូរការអប់រំ (CCEEA) បានបង្ហាញបំណងក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនេះត្រូវបានលើកឡើងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងាររវាងលោក លោក កាវ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក កាវ ជាន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិន។ សាកលវិទ្យាល័យនេះនឹងផ្តល់ឱកាសប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវបានថែមមួយកម្រិតទៀត។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ចំណងមិត្តភាព កម្ពុជា-ចិន គឺជាមិត្តដែកថែប ប្រទេសទាំងពីរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន រួមទាំងគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ របស់លោកប្រធានស៊ីជិនពីង ឲ្យទទួលបានជោគជ័យឡើងដល់បំណុចកំពូលថ្មីៗជានិច្ច។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា៖ ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺសម្តេចមានការគាំទ្រយ៉ាងពេញទំហំ ចំពោះគំនិតផ្តួចផ្តើមនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជម្រាបជូន លោក កាវ ជាន ត្រូវធ្វើសំណើទៅកាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឲ្យបានស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទ៖ លីនី