សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាចង់បានការវិនិយោគឧស្សាហកម្មកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ និងការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា
សេដ្ឋកិច្ច May 23, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ជាមួយនឹងការសម្ដែងនូវការរីករាយចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតសំបកកង់រថយន្ត ដែលវាស្របនឹងការចង់បានរបស់កម្ពុជានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា គោលនយោបាយឧស្សាហកម្មរបស់កម្ពុជាមានគោលដៅពីរសំខាន់ គឺចង់បានការវិនិយោគឧស្សាហកម្មកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ និងការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង ២ម៉ឺននាក់ និងទស្សនាពិព័រណ៍សមិទ្ធផល ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអគុណចំពោះជំនួយទាំងឡាយ ហើយជាពិសេសការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតកង់រថយន្ត ដែលវាស្របនិងការចង់បានរបស់កម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ជូនអ្នកវិនិយោគចិនថា គោលនយោបាយឧស្សាហកម្មរបស់កម្ពុជា មានគោលដៅពីរសំខាន់ គឺគោលដៅទី១ កែច្នៃផលិផលដែលកម្ពុជាមានវត្ថុធាតុដើម។ ដូច្នេះការវិនិយោគរោងចក្រកែច្នៃជាកង់ឡាន ក្នុងពេលដែលកម្ពុជាមានជ័រកៅស៊ូ គឺត្រឹមត្រូវណាស់។ កម្ពុជាចង់បានឧស្សាហកម្មកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវអង្ករ និងទៅលើផលិតផលដទៃទៀតដែលកម្ពុជាមានសក្ដានុពល ដើម្បីបង្កើននូវតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិនិងប្រាក់ចំណូលរបស់ប្រជាជនយើង។ ឯគោលដៅទី២ ដែលកម្ពុជាចង់បាន គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផ្ដល់នូវការគាំទ្រ និងទាក់ទាញនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ហើយពេលនោះវានឹងចូលរួមបណ្ដុះបណ្ដាលបាននូវធនធានមនុស្សរបស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា សម្ដេចជាមួយនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជានិច្ចកាលរួមគ្នា ធ្វើការថែទាំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ពង្រឹងតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញ ដែលមានសក្ដានុពល និងដោះស្រាយការងារធ្វើ និងដោះស្រាយផលិតផលសម្រាប់ការនាំចេញទៅក្រៅប្រទេស រាប់ទាំងប្រទេសចិនខ្លួនឯងផងដែរ។

បើតាមឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក សហគ្រាស ចំនួន ១៧៥ ផលិតសម្ភារសំណង សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត ផលិតផលសូឡា សម្ភារពេទ្យ កាបូបនិងវ៉ាលី សម្លៀកបំពាក់ ស្បែកជើង។ល។ ដែលជាក្រុមហ៊ុនមកពីប្រទេសចិន បារាំង អៀឡង់ដ៍ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា ។ល។ ដែលមាន ទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២២ និងផ្តល់ការងារជូនកម្មករ និយោជិតប្រមាណជិត៣ម៉ឺននាក់។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំនាក់ទំនងល្អ និងផ្តល់ ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា ផ្តល់ការងារធ្វើនៅក្នុងតំបន់, ជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូន ។ល។ ព្រមទាំងបានចូលរួមកសាងសមិទ្ធផលនានា សកម្មភាពមនុស្សធម៌ជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញ និងអ្នកគ្រប់គ្រង សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ចំពោះពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ រថយន្ត ជេនវ៉ល ថាយអីរ ថេកណឡជី (ខេមបូឌា) ដែលមានលោក តួ ឆាយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី ១០០លាន ដុល្លារអាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៅកម្ពុជា។ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍ វិស័យឧស្សាហកម្មកម្ពុជាដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ ដែលមាននៅក្នុងស្រុកប្រមាណជិត ៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។ រោងចក្រនេះអាចផលិតសំបកកង់រថយន្តគ្រប់ប្រភេទជិត ១,៣លានសំបកកង់ ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់ កម្មករ និយោជិតប្រមាណ ១ ១៥០ នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន