អគារមន្ទីរពេទ្យថ្មី បំពាក់ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗពីអាល្លឺម៉ង់ និងអាមេរិក តម្លៃជាង ៨០លានដុល្លារ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ
សេដ្ឋកិច្ច May 23, 2023 Khmernote

អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

យោងតាមការលើកឡើងរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន “អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​ នេះ ជាអគារ​ថ្មី ដែលត្រូវបានសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។ អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។ អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមាណ​ ៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។

សូមជម្រាបថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង ៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ លីនី