សម្តេចតេជោ ថ្លែងថា ចិនបានផ្គត់ផ្គង់វត្ថុធាតុដើមដល់កម្ពុជា ដើម្បីបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់
សេដ្ឋកិច្ច May 22, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចិនបានផ្គត់ផ្គង់វត្ថុធាតុដើមដល់កម្ពុជា ដើម្បីបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋខ្មែររាប់ លាននាក់ ថែមទាំងបាននាំទីផ្សារទៅក្រៅប្រទេស ដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោថ្លែងថា ខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងនៃមិត្តភាពកម្ពុជា-ចិន និងខួប១០ឆ្នាំ នៃការបង្កើតទំនាក់ទំនង គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយនៅកម្ពុជា។

សម្រាប់ខួបលើកទី៦៥ឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរហូតបង្កើតបាននូវមិត្តភាពដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តភាពដែកថែប ហើយឈានមកដល់ពេលនេះ ឈានដល់ការបង្កើតទំនាក់ទំនងត្បូងពេជ្របន្ថែមទៀត។ សម្ដេចតេជោបានបន្តថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពរឹងមាំបែបនេះ ដោយសារគោលនយោបាយរបស់ប្រទេសទាំងពីរដូចគ្នា គឺបានប្រកាន់ខ្ជាប់នូវរាល់គំនិតផ្ដួចផ្ដើមទាំងអស់ដោយបម្រើឱ្យសន្ដិភាព និងការអភិវឌ្ឍ។ សម្តេចតេជោបញ្ជាក់ថា គោលនយោបាយឧស្សាហកម្មរបស់កម្ពុជាទៅមិត្តចិន មានចំនួន២ គឺការកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវ និងវត្ថុធាតុដើមផ្សេងទៀតដែលកម្ពុជាមានដើម្បីបង្កើនតម្លៃបន្ថែម។ ទី២ គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា ដែលគោលនយោបាយទាំងនេះនឹងអាចទាក់ទាញវិនិយោគបន្ថែមមកកាន់កម្ពុជា។

« ខ្ញុំក៏សូមអរគុណមិត្តចិនក្នុងការផ្ដល់វត្ថុធាតុដើមពីចិនមកកម្ពុជាតាមសំណូមពររបស់ខ្ញុំ នៅវាលវែង នៅពេលដែលសម្ពោធផ្លូវ ពេលនោះខ្ញុំបានស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាងវិនធានឱ្យបញ្ជូននូវវត្ថុធាតុដើម សម្រាប់បណ្ដារោងចក្រនៅកម្ពុជា។ វិបត្តិវត្ថុធាតុដើមនេះ គឺវាធ្វើឱ្យរោងចក្រក្នុងប្រទេសយើងអាចជួបការលំបាក ដូច្នេះគេក៏អាចយល់នៅទីនេះថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនមិនមានតុល្យភាពនោះទេ គឺកម្ពុជានាំចេញទៅចិនតិចជាង ហើយចិននាំចូលមកកម្ពុជាច្រើនជាង។ ប៉ុន្តែបើត្រូវភ្លេចថាអ្វីដែលចិននាំចូលមកកម្ពុជានោះ គឺការផ្គត់ផ្គង់វត្ថុធាតុដើមដើម្បីបង្កើតការងារធ្វើរាប់លាននាក់ បញ្ចេញទៅទីផ្សារខាងក្រៅទៅប្រទេសជាច្រើននៅខាងក្រៅដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារនៃប្រទេសនោះ ប្រាក់ចំណូលបានទទួលដោយកម្ពុជា ប្រសិនបើចិនមិនលក់វត្ថុធាតុដើមឱ្យកម្ពុជានោះទេ ការខិតខំបង្កើតរោងចក្រនៅក្នុង យើងក៏មិនមានន័យនោះដែរ៕»

ប្រភព៖ ក្រសួងព័ត៌មាន