ជប៉ុន នឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥ លានដុល្លារ ដល់កម្ពុជា លើការកែលម្អផ្លូវ និងអាហាររូបករណ៍
សេដ្ឋកិច្ច May 22, 2023 Khmernote

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ប្រទេសជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបន្ថែមចំនួន ៥៥.២៧លានដុល្លារ ដល់កម្ពុជា។

តាមរយៈសេចក្ដីប្រកាស ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងខាងលើ នឹងត្រូវនឹងចុះហត្ថលេខា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចជា៖ ១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត “គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» និង ២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។

សូមជម្រាបថា ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕

អត្ថបទ៖ លីនី