ស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ នៅខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការហើយ
សេដ្ឋកិច្ច May 22, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានចាប់ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០២២ និងបានបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រោយពីដំណើរការសាងសង់ ហើយបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា សមាគម AIMF និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ លោក Karim ZAIDY តំណាងប្រធានស្ថាប័ន SIAAP ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អភិបាលក្រុង មកពី សាធារណរដ្ឋសង្គមនិយម វៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកំពត អភិបាលរងខេត្តព្រះសីហនុ ខេត្តបាត់ដំបង តំណាងមកពីសាលារាជធានីភ្នំពេញព្រមទាំង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តមួយចំនួនផងដែរ។

ក្នុងរបាយការណ៍របស់លោក ចិក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត បង្ហាញថា៖ ខេត្តសៀមរាបជាសមាជិករបស់សមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង (AIMF) ចាប់ពីឆ្នាំ២០០០មក ហើយបានចូលរួមក្នុងការអភិវឌ្ឍបណ្តាញកែច្នៃកភក់ចេញពីលូទឹកកខ្វក់ទៅជាជី កសិកម្ម ក្នុងគោលបំណងពីរទន្ទឹមគ្នាគឺការកែលំអអនាម័យសាធារណៈ និងការអភិវឌ្ឃខ្សែសង្វាក់ផលិតកម្មសម្រាប់ជីកសិកម្ម(ជីសរីរាង្គ)។ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស របស់សមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង (AIMF)សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP) ទីភ្នាក់ងារទឹកសែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណរដ្ឋបារាំង នៅខេត្តសៀមរាប ដោយប្រើថវិកាជាពីរជំហាន។ ទី១ សិក្សាគម្រោងដែលជាជំនួយរបស់រដ្ឋបាលអូដឺសេន ប្រើថវិកាចំនួន ៨ម៉ឺនយូរ៉ូ។ ជំហានទី២ គម្រោងផលិតជីកសិកម្ម(ជី មមោក) នៅខេត្តសៀមរាប គ្រោងនឹងអនុវត្តរយពេល ៤ឆ្នាំពីឆ្នាំ២០២០ដល់២០២៤ ដែលមានការចូលរួម ដោយរដ្ឋបាលខេត្តសៀមរាបបានស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូនហើយក្រសួងបានឯកភាពផ្តល់នូវដីចំនួន ៣ហិកតាកន្លះស្ថិតនៅភូមិកន្ត្រកសង្កាត់ស្វាយដង្គំ ព្រមទាំងទទួលបានគាំទ្រឥណទានពីទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (ASEN) ចំនួន៩សែនអ៉ឺរ៉ូ សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF)៤សែន អ៉ឺរ៉ូ និងសហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP) ចំនួន៤សែនយូរ៉ូដែរ សរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន ១,៧០០,០០០អ៉ឺរ៉ូ។

លោក អ៊ឹង គឹមលាង អភិបាលរង ខេត្តសៀមរាប បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមសហការជំរុញគាំទ្រសម្របសម្រួល អនុវត្តធ្វើឱ្យលេចចេញនូវសមិទ្ឋផលនាពេលនេះ ។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា៖ គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាពដល់បងប្អូនប្រជាកសិករនានា ដោយហេតុថា គម្រោងនេះមានគោលបំណង៖ កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស (លាមក) ធ្វើជីកសិកម្មជីមមោគ។ ការបង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ វិស័យកសិកម្ម ដល់ប្រជាកសិករឱ្យមានតម្លៃថោកជាងទីផ្សារ ។ – កែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ ក្រៅពីនោះវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹកកខ្វក់ក្នុងក្រុងសៀមរាប ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជំរុញឲ្យទីក្រុងសៀមរាប ក្លាយជាទីក្រុង ដែលមានសោភ័ណភាព និងបរិស្ថានកាន់តែស្រស់ស្អាតថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ ។

ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង សង្ឃឹមថាភាគីបារាំងនឹងបន្តជួយគម្រោងដូចគ្នានេះនៅជំហានបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការក្នុងក្រុងសៀមរាបផង និងបណ្តាស្រុកជុំវិញក្រុងសៀមរាបផង ដែលកំពុងតែមានការអភិវឌ្ឍលើវិស័យ សំណង់ និងសេវាកម្មនានាយ៉ាងខ្លាំងក្លា ស្របជាមួយនឹងការបង្កើតទីក្រុងរណបថ្មី នៅប៉ែកខាងកើត និងប៉ែកខាងជើងក្រុង៕

ប្រភព៖ ក្រសួងព័ត៌មាន