នាវាទេសចរណ៍បរទេសមួយគ្រឿង នាំភ្ញៀវទេសចរជិត ៣០០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ មកកម្សាន្តនៅលើទឹកដីកម្ពុជា
ទេសចរណ៍ May 22, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេស ០១គ្រឿង មានឈ្មោះ CASTA SERENA បាននាំភ្ញៀវ ទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៣ ០០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើទេសចរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ក្នុងដំណើរកម្សាន្តតាមឆ្នេរសមុទ្រ តំបន់រមណីយដ្ឋាននានា ទីប្រជុំជនសំខាន់ៗក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំខាល បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេស CASTA SERENA សញ្ជាតិ Italy មានបណ្ដោយ ២៩០,២០ម៉ែត្រ ទទឹង ៣៥,៥០ម៉ែត្រ និងជម្រៅទឹក ៨,៣០ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ២ ៦៤៣នាក់ ស្រី ១ ៥៤៥នាក់ មាន ១៨សញ្ជាតិ និងមាននាវិកសរុបចំនួន ១ ០៥៧នាក់ ក្នុងនោះស្រី ១៧៣នាក់ មាន ៣៣សញ្ជាតិ បានធ្វើដំណើរមកពីប្រទេសថៃ ចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ១០ និង២០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ តាមការគ្រោងទុកនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែ ស្វយ័តក្រុង ព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាមនៅវេលាម៉ោង១៧ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមនាវា CASTA SERENAនេះ មានសញ្ជាតិច្រើនជាង គេគឺថៃ មានចំនួន ២ ៥៨៦នាក់ ក្រៅពីនោះ មានភ្ញៀវទេសចរសម្រុះជាតិ សាសន៍ផ្សេង ទៀត។

សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាទេស ចរណ៍បរទេសចូល ចតជាបន្តបន្ទាប់ ក្រោយពីការបិទបញ្ចប់នូវជំងឺរាតត្បាតកូវីដ-១៩ ពិសេស ការបិទបញ្ចប់ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយឡែកខេត្តព្រះសីហនុ ក៏ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត កីឡាស៊ីហ្គេមចំនួន ០៣វិញ្ញាសា មានដូចជា កីឡាទូកក្តោង កីឡាបាល់ទះលើឆ្នេរខ្សាច់ និងកីឡាម៉ូតូទឹក ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣កន្លងមក។ ទន្ទឹមនឹងខេត្តព្រះសីហនុ កំពុងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) អមដោយការរៀបចំតាំងពិព័រណ៍ ការប្រគំតន្ត្រី សិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងទាក់ទាញទេសចរនៅតំបន់ឆ្នេរ ការទស្សនាតាមបណ្ដាកោះ និងរមណីយដ្ឋាននានា ការប្រណាំងកង់ចម្ងាយ ៣៥គីឡូម៉ែត្រ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ និងការប្រកួតបាល់ ទាត់មហាជនក្នុងក្របខ័ណ្ឌសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ នៃច្រករបៀងកម្ពុជា វៀតណាម និងថៃ (CVTEC) ដងដែរ៕

ប្រភព​៖ ក្រសួងព័ត៌មាន