ទីបំផុត! គម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេទៅសមុទ្រ ត្រូវបានរដ្ឋាភិបាលអនុម័តហើយ គ្រោងចំណាយថវិកា ១,៧០០លានដុល្លារ និងចំណាយពេល ៤ឆ្នាំ
សេដ្ឋកិច្ច May 20, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែល​ជា​គ​ម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋា​ភិ​បាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០លាន​ដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

មុននឹងអនុម័តទៅលើគម្រោងនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បាន​បើក​ការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការ​ពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើត​តំបន់​ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីក​តំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រ​ដល់ការ​អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែម​នៅកំពង់ផែស្វយ័ត​ក្រុង​​ព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការ​អភិ​វឌ្ឍ​ទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

ប្រភព៖ ក្រសួងព័ត៌មាន