ស្ថាប័នធំមួយ មានគម្រោងចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយក្តីសុខសប្បាយ
សេដ្ឋកិច្ច May 19, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME) សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame បានលើកឡើងថា លោកស្រីគឺជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។

តាមរយៈលោកស្រី ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ជាមួយនឹងការចែករំលែកចំណេះដឹងនិងបទពិសោធន៍
ជូនដល់រាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ។ ការលើកឡើងរបស់លោកស្រីបានធ្វើឡើងនាល្ងាចថ្ងៃទី១៨ ខែឧសភានេះ ខណៈជួបសំដែងការគួរសមជាមួយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។

លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME) បានមានប្រសាសន៍លើកឡើងថា៖ ស្ថាប័ន SIAAP ជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។ ចំពោះគម្រោងសាង សង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត។

លោកស្រីបញ្ជាក់ថា (SIAAP) ជាអង្គការមួយធ្វើប្រតិកម្មទឹកស្អាត ដោយអង្គការមានរោងចក្រ៦កន្លែង អង្គការជាដៃគូរបស់ទីក្រុងប៉ារីស ក្នុងការកែប្រែគុណភាពទឹកឱ្យល្អប្រសើរ ដើម្បីប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ កុំឱ្យមានបញ្ហាទឹក។ លោកស្រីពិតជារីករាយ លើការចែកចំណេះដឹងដល់រាជធានីភ្នំពេញ ក្នុងបំណងចង់ឱ្យប្រជាពលរដ្ឋរស់ នៅដោយមានក្តីសុខសប្បាយ ។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេសបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម ។

ឯកឧត្ដមឃួង ស្រេង បានមាន ប្រសាសន៍ថា មុនការរាតត្បាតជំងឺកូវីដ-១៩ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ជាទីក្រុងស៊ីវីល័យ ។ ជំងឺកូវីដ-១៩ មិនថា នៅរាជធានីភ្នំពេញ ឬនៅទូទាំងប្រទេសនោះទេ គឺបានរីករាលដាលពាសពេញប្រទេស តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យើងអាចទប់ស្កាត់បាន និងបានបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ តែដោយមានបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន វាក៏បានធ្វើឱ្យកម្ពុជាប៉ះពាល់សេដ្ឋកិច្ចផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងបានខិតខំប្រឹងប្រែងប្រែក្លាយទីក្រុងមួយនេះ ជាទីក្រុងមានការអភិវឌ្ឍនិងស៊ីវីល័យ។

ឯកឧត្ដមឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជា បានទទួលកិច្ចប្រជុំធំៗជាច្រើនទទួលបានជោគជ័យ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ឧសភា ប្រទេសកម្ពុជា បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យ នេះជាមោទនភាពរបស់យើង ។

ឯកឧត្ដមឃួង ស្រេង បន្តទៀតថា រាជធានីភ្នំពេញមិនអាចភ្លេចបាន ជាមួយទំនាក់ទំនង់សម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានា និងជាមួយបណ្តាញទីក្រុងទាំងឡាយនៃអាស៊ីអាគ្នេយ៍នៃ AIMF ទីក្រុងប្រើប្រាស់ភាសាបារាំងបានឡើយ។ រាល់ជំនួយរបស់ទីក្រុងប្រើប្រាស់ភាសាបារាំងយើងនឹងយកទៅប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីបម្រើផល ប្រយោជន៍ ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន