ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាក្នុងដំណើរស្វាហាប់ឆ្ពោះទៅងើបឡើងវិញពេញទំហឹង
សេដ្ឋកិច្ច May 18, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារពិភពលោក លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមាន សន្ទុះស្វាហាប់ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។

របាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋ កិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត៥,២ ភាគរយ។ សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំង ស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការ រក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញនៅទូទាំងពិភពលោកផងដែរ។

ធនាគារពិភពលោក បន្តថា វិស័យកសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត៥,៥ភាគរយ។

យ៉ាងណាក៏ដោយ ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេសនឹងអាចធ្វើឱ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះ ខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកលលោក អាចបង្កហានិភ័យមួយដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់វិនិយោគ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ដើម្បីរក្សាឱ្យបាននូវដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរ ណ៍ឱ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជា ក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយឱ្យកាន់តរលូនថែមទៀត»។

សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនដល់ ៦ ភាគរយ ដោយមានការទ្រទ្រង់ពីសំណាក់ សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើងនៃការវិនិយោគ ជាពិសេសក្រោម

រូបភាពដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រនិង ផ្លូវជាដើម។ របាយការណ៍នេះនិយាយទៀតថា កម្ពុជាអាចជំរុញកំណើននេះបានតាមរយៈការវិនិយោគលើការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើ ពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។

របាយការណ៍នេះមានផ្នែកមួយ ដែលផ្តោតសំខាន់ទៅលើការពិនិត្យលទ្ធភាពដែលកម្ពុជាអាចធ្វើបានក្នុងការបង្កើនការចំណាយសាធារណៈក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទៅលើវិស័យសុខា ភិបាល និងអប់រំ ប៉ុន្ត របាយការណ៏ក៏ធ្វើការកត់សម្គាល់ដែរថា ចាំបាច់ត្រូវបង្កើនការចំណាយនោះថែម ទៀត ។ ការផ្តោតការយកចិត្ត ទុកដាក់ទៅលើប្រសិទ្ធផលផ្នែកបែងចែកនិងផ្នែកប្រតិបត្តិការរបស់ធនធាន អាចជួយបានក្នុងការឆ្លើយតប ចំពោះបញ្ហានៃការដាក់ពង្រាយមិនស្មើភាពគ្នានៃគ្រូបង្រៀន និងចំពោះបញ្ហានៃកង្វះភាពទុកចិត្តរបស់ សាធារណជនទៅលើសេវាសុខាភិបាលក្នុងស្រុក៕

ប្រភព៖ ក្រសួងព័ត៌មាន