កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Dr. Jongsoo Shin នាយកប្រចាំតំបន់អាស៊ីរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។
សម្រាប់ការផ្តួចផ្តើមរបស់ IRRI អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index – Low GI) ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ IRRI ឱ្យសហការជាមួយ CARDI និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ។ លើសពីនេះទៀត ត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងទាំងអស់ត្រូវគិតគូរលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាព៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ