ដំណឹងរីករាយ! ម្រេចកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន
សេដ្ឋកិច្ច May 12, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី១១ ខែឧសភា រដ្ឋបាលគយនៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ដែលនេះមានន័យថា ម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។

ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។

គួរបញ្ជាក់ផងដែរថា ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិន និងកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែ មេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈ Video Conference។

ដំណាំម្រេច គឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣ នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕

ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា