យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ គឺផលិតផលខ្មែរចំនួន ៤៥មុខ បានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានមរតកតេជោ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣។
លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ បានរៀបចំស្តង់ចំនួន២០ ហើយមានសហគ្រាស សហគមន៍ សិប្បករ អាជីវករចំនួន៤៥សហគ្រាស បានចូលរួមលក់ និងដាក់តាំងផលិតរបស់ខ្លួនបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ។ លោកបានបន្តថា ផលិតផលដែលបានដាក់បង្ហាញនៅពេលនេះ មានដូចជា៖ សម្លៀកបំពាក់ ចំណីអាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ គ្រឿងសម្អាង និងគ្រឿងចម្លាក់ដែលជាស្នាដៃរបស់កូនខ្មែរ។ សំឡេង៖ «ការតាំងពិព័រណ៍នេះ គឺជាការបង្ហាញពីមុខមាត់របស់ប្រទេសជាតិ ដែលយើងកម្រ នឹងបាន រៀបចំ គឺ៦០ឆ្នាំម្ដង។ យើងចង់បង្ហាញពីសក្តានុពលផលិតផលខ្មែរ បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ដើម្បីខ្មែរ និងបរទេសបានស្គាល់និងទិញទៅប្រើប្រាស់ និងបរិភោគដែលខ្មែរធ្វើបាន»។
លោកស្រី អ៊ឹង សៀមគីម ម្ចាស់សិប្បកម្មប្រេងរឹតTPធ្វើពីស្លឹកម្លូ បានអរគុណចំពោះរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដែលផ្តល់ឱកាសឱ្យលោកស្រី ក៏ដូចជា ម្ចាស់សិប្បកម្មផ្សេងៗទៀតអាចយកផលិតផលមកបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ។
សំឡេង៖ « ខ្ញុំនៅតែអរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធដែលបានអនុញ្ញាតឱ្យនាងខ្ញុំ បានយកផលិតផលខ្មែរជាច្រើនមុខមកបង្ហាញឱ្យពិភពលោកបានស្គាល់ និងឃើញ»។ ស្រដៀងគ្នានេះដែរ លោកស្រី អ៊ុច សុផាន់ណា ហៅអាម៉ាច ម្ចាស់សិប្បកម្មហូលតាកែវ បានអំពាវនាវ ដល់ភ្ញៀវជាតិដែលមកចូលរួមទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនេះ ឱ្យជួយគាំទ្រផលិតផលខ្មែរឱ្យបានច្រើន ការជួយទិញ គឺជាការផ្ដល់កម្លាំងចិត្តដល់អ្នកផលិត បង្កើតការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ សំឡេង៖ « ចាបើមានការគាំទ្រច្រើន គឺប្រជាពលរដ្ឋខ្មែរយើងមានការងារច្រើនដែរ ដោយមិនបាច់ពិបាក ធ្វើការចំណាកស្រុកទេ។ ដូចជាផលិតផលហូល ក្រមាខ្ញុំនេះ បងប្អូនស្ត្រីមានកូនតូចៗ ចាស់ៗនៅផ្ទះ ក៏ធ្វើបានដែរដោយមិនបាច់ទៅណាឆ្ងាយទេ »។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រកាសបើក ជាផ្លូវការ ចាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



ប្រភព៖ ក្រសួងព័ត៌មាន


