អាជ្ញាធរខេត្តព្រះសីហនុ គ្រោងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ ដើម្បីទាក់ទាញអ្នកទេសចរ ដែលនិយមមុជទឹកមើលផ្កាថ្ម
ទេសចរណ៍ May 3, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរខេត្តព្រះសីហនុគ្រោងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ ដើម្បីឱ្យភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ អាចមុជទឹកចូលទៅមើលពីភាពស្រស់ស្អាតរបស់ផ្កាថ្ម និងយុទ្ធោបករណ៍ សល់ពីសម័យសង្គ្រាម ដែលបានធ្លាក់ចូលទៅក្នុងបាតសមុទ្រនោះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះលោក ឡុ ឌីម៉ង់ អភិបាលរងខេត្ត ព្រះសីហនុបានឱ្យដឹងថា រដ្ឋបាលខេត្ត និងសហការជាមួយក្រុមជំនាញខាងមុជទឹកនៅបាតសមុទ្រ «ខ្មែរ ដាយវ៍ គ្រុប (Khmer Dive Group)» កំពុងសិក្សាគម្រោងរៀបចំឱ្យមានសារមន្ទីរសង្គ្រាមបាតសមុទ្រ នៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម ខណៈទីតាំងនេះស័ក្តិសម សម្រាប់អ្នកទេសចរដែលចង់កម្សាន្ត នៅក្នុងបាតសមុទ្រ អាចមុជទឹកចុះទៅមើលកម្សាន្តបាន។

លោកបន្ថែមថា នៅប្រជុំកោះតាគៀវ ក្បែរទឹកដី រាម គឺមានយុទ្ធោបករណ៍ដែលសល់ពីសង្គ្រាមលោកលើកទី២ ក្នុងនោះមានទាំងយន្តហោះសង្គ្រាម និង យន្តហោះចម្បាំង រួមនឹងយុទ្ធោបករណ៍នាសម័យសង្គ្រាមមួយចំនួនទៀត ដែលបានធ្លាក់ចូលក្នុងសមុទ្រនេះ។ លោកបញ្ជាក់ថា ដើម្បីអាចទៅមើលសារមន្ទីរបាន ទាល់តែមុជទឹកចុះចូលទៅមើល ហើយត្រូវហាត់ រៀន Diving ដើម្បីមុជទឹកចុះចូលទៅមើលទេសភាពបាតសមុទ្រនេះ។ ដោយហេតុនេះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនទាំងអស់អាចហាត់រៀនDiving ដើម្បីមុជទឹកចុះ ចូលទៅមើលទេសភាពបាតសមុទ្រដែលបញ្ជាក់ថា កម្ពុជាមិនមែនមានរមណីយដ្ឋាន ឧទ្យានជាតិ ទេសចរណ៍ តែនៅលើដីគោកប៉ុណ្ណោះទេ។

«កន្លងមកមានយុទ្ធោបករណ៍មួយចំនួនដែលកាលពីសង្គ្រាមលោកលើកទី២ក៏មាន ហើយក៏ មាន យន្តហោះចម្បាំងខ្លះ ធ្លាក់នៅក្នុងសមុទ្រ។ អ៊ីចឹងវាក៏បានក្លាយជាទីតាំងមួយដែលយើងគិតថា ប្រសិនបើមានការគាំទ្រ យើងអាចរៀបចំកន្លែងនេះទៅជាសារមន្ទីរមួយ ដែលហៅថា សារមន្ទីរសង្គ្រាម នៅបាតសមុទ្រ សម្រាប់អ្នកទេសចរ ដែលពួកគាត់ចង់មកកម្សាន្តនៅក្នុងបាតសមុទ្រតែម្ដង។ នេះជាចំណុចមួយដែលមានសារៈសំខាន់ដែរ សូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏ជាអ្នក Divingដែរ ហើយក៏ចង់ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាយុវជន អាចហាត់រៀនDivingនេះ ដើម្បីយើង ចូលទៅមើល ឃើញថា នៅក្នុងបាតសមុទ្រប្រទេសកម្ពុជាយើង មិនមែនគ្រាន់តែមានរមណីយដ្ឋាន ឬក៏មានឧទ្យានជាតិ នៅលើដីគោក នៅលើភ្នំតែប៉ុណ្ណោះទេ ប៉ុន្តែយើងមាននៅក្នុងបាតសមុទ្រថែមទៀត ដែលជាសម្បត្តិធនធាន ធម្មជាតិ ដ៏ល្អរបស់កម្ពុជា។»

លោក ឡុង ឌីម៉ង់ បានឱ្យដឹងទៀតថា ក្នុងខេត្តព្រះសីហនុមានកោះទាំងអស់ចំនួន ៣២កោះ ដែលមាន សក្តានុពលក្នុងការបង្កើតជារមណីយដ្ឋានទេសចរណ៍បាតសមុទ្រ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ទេ។ ខណៈនៅបាតសមុទ្រកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុផ្ទាល់ គឺមានសុទ្ធតែផ្កាថ្មស្រស់ស្អាតៗ ចម្រុះ គ្រប់បែបយ៉ាងទាំងអស់ ទាំងជីវចម្រុះ និងត្រីស្អាតៗ មាននៅដូចជា កោះរ៉ុង កោះតាង កោះពូលូវ៉ៃ ជាដើម។ ក្រៅពីផ្កាថ្មស្អាតៗ នៅក្នុងបាតសមុទ្រនោះ ក៏មានជីវចម្រុះសមុទ្រដ៏ទាក់ទាញជាច្រើនទៀតដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន