អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេបង្អស់ ដែលនឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នេះ បានគូសបញ្ជាក់ថា ការបង្កើតសួនកសិ-ឧស្សាហកម្មនេះឡើង គឺក្នុងគោលបំណង ជួយកម្ពុជាឱ្យមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ ខណៈកសិផលកម្ពុជា ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ ហើយប្រទេសទាំងនោះបន្ទាប់ពីទិញកសិផលយកទៅ បានកែច្នៃវាទៅជាផលិតផលមានតម្លៃជាងកសិផលដើម ដូចជាធ្វើទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។
គួរបញ្ជាក់ផងដែរថា បើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា សួនកសិ-ឧស្សាហកម្មនេះ មានសក្តានុពលជាខ្លាំងសម្រាប់កម្ពុជា។ ជាក់ស្ដែងយោងតាមការសិក្សាលទ្ធភាពឆ្នាំ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លាអាមេរិច ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០ ០០០កន្លែង ដែលជាងពាក់កណ្តាលការងារនេះនឹងជារបស់ស្ត្រី។
ហើយថ្មីៗនេះកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម។ ពួកគេបានសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិ-ឧស្សាហកម្ម៕



អត្ថបទ៖ លីនី


