កូរ៉េ ផ្ដល់ជំនួយឧបត្ថម្ភ ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវចំណីអាហារនៅកម្ពុជា ដោយសហការជាមួយនឹងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម PARK Jung-wook ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាដោយនៅក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះភាគីកូរ៉េ ដែលជាមិត្តជិតស្និទ្ធ យូរអង្វែងជាមួយកម្ពុជា និងជាដៃគូសហការដ៏ល្អ ជាមួយក្រសួង។
ឯកឧត្តមបានគូសបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ ភាគីកូរ៉េបានសហការជាមួយក្រសួងក្នុងការអនុវត្តគម្រោងបង្កេីតមជ្ឈមណ្ឌលស្រាវជ្រាវចំណីអាហារនៅកម្ពុជាក្រោមជំនួយឧបត្ថម្ភរបស់ភាគីកូរ៉េ ដែលនឹងត្រៀមចុះហត្ថលេខាលេីកំណត់ត្រាពិភាក្សា និងកម្មវិធីសម្ពោធគម្រោង “មជ្ឈមណ្ឌលអភិវឌ្ឍអាហារកម្ពុជា” រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិទ្យាស្ថាន សម្រាប់បច្ចេកវិទ្យាឈានមុខរបស់កូរ៉េ (KIAT) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ នៅវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ភ្នំពេញ។
ជាមួយគ្នានេះដែរ ក្រៅពីនោះឯកឧត្តមក៏បានស្នេីដល់ភាគីកូរ៉េ ជួយជាជំនួយបច្ចេកទេស និងជំនួយឧបត្ថម្ភដេីម្បីកម្ពុជាអាចបង្កេីតបាន សួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងសាធារណៈជនសិក្សាស្វែងយល់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ទៅលេីវិស័យការកែឆ្នៃម្ហូបអាហារ តាមរយៈការបង្កេីតមជ្ឈមណ្ឌលស្រាវជ្រាវ ចំណីអាហារ ដេីម្បីពង្រឹងគុណភាពផលិតផលនាំចេញ និងបង្កេីនសមត្ថភាព សហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា៕





អត្ថបទ៖ លីនី


