ក្រុមហ៊ុនប៊ូយ៉ុង បានផ្ដល់ថវិកាសម្រាប់ទិញរថយន្តក្រុង ១ពាន់គ្រឿង ដើម្បីពង្រីកសេវាដឹកជញ្ជូនសាធារណៈនៅតាម​បណ្តាខេត្ត
សេដ្ឋកិច្ច April 25, 2023 Khmernote

កាលពីព្រឹកថ្ងៃអង្គារ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ​ជ័យពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រុមហ៊ុនប៊ូយ៉ុង របស់កូរ៉េបានសម្រេចផ្ដល់ជាថវិកា សម្រាប់ទិញរថយន្តក្រុងចំនួន ១ពាន់គ្រឿង សម្រាប់រដ្ឋាភិបាលកម្ពុជា ចាត់ចែងទៅតាមបណ្ដាខេត្ត ដើម្បីជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ។

ជាមួយគ្នានោះដែរ សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន ដែលបានផ្ដល់រថយន្តក្រុងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងការដឹកបងប្អូនប្រជាពលរដ្ឋបានទៅលេងស្រុកដោយមិនមានការគិតថ្លៃ។ សូមជម្រាបផងដែរថា នាពេលកន្លងមក ក្រុមហ៊ុនប៊ូយ៉ុង បានផ្ដល់ជូនរថយន្តក្រុងជូនដល់រដ្ឋាភិបាលកម្ពុជា ចំនួន ២០០គ្រឿងរួចមកហើយ៕