កសិករមួយរូប ប្ដូរពីការដាំដំណាំច្រើនមុខ មកដាំដំណាំម្រះព្រៅ ព្រោះប្រមូលផលបានយូរនិងមានតម្រូវការខ្ពស់លើទីផ្សារ
សេដ្ឋកិច្ច April 24, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករមួយរូបរស់នៅក្នុងខេត្តសៀមរាប បានជ្រើសរើសការដាំដុះដំណាំម្រះព្រៅ ដោយសារ ឆាប់ទទួលបានផល ងាយស្រួលថែទាំ និងចំណេញច្រើន។

លោក ក្រុម ពន្លក អាយុ ៦៣ឆ្នាំ កសិកររស់នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដែលលោកបានពឹងអាស្រ័យ លើមុខរបរដាំដុះបន្លែចម្រុះជាច្រើនមុខ តែរយៈពេលជាង៥ឆ្នាំមកនេះ លោកបានងាកមកដាំដុះ ដំណាំម្រះពៅតែមួយមុខប៉ុណ្ណោះ ដោយសង្កេតឃើញថា ម្រះព្រៅជាដំណាំមួយប្រភេទងាយស្រួយដាំ និងថែទាំ ហើយអាចប្រមូលបានយូរអង្វែង។

លោកបន្តទៀតថា ផ្ទៃដីដែលបានដាំដុះម្រះព្រៅ មានទំហំ ៥០០ម៉ែត្រក្រឡា ក្រោយពេលដាំរួចប្រហែល២ខែ អាចកាត់លក់បានរៀងរាល់ថ្ងៃ ហើយលោកសម្រចចិត្ត ដាំវិលជុំ អាចផ្គត់ផ្គង់ទីផ្សារបានទាំងរដូវប្រាំងនិងរដូវវស្សា។ លោកបន្តទៀតថា ចំពោះតម្លៃលក់ចេញម្រះព្រៅវិញក៏បានថ្លៃគួរសម ជាពិសេសនៅរដូវវស្សាមានតម្លៃ ខ្ពស់ ព្រោះមិនសូវមានអ្នកដាំបានច្រើន ដោយក្នុងមួយថ្ងៃ លោកអាចរកប្រាក់ចំណូលបានចន្លោះ ពី៣ទៅ ៤ម៉ឺនរៀលពីការកាត់ម្រះព្រៅលក់ និងមានម៉ូយមកទទួលទិញជារៀងរាល់ថ្ងៃ។

សំឡេង៖ប្រហែលជា២ខែបានអាចកាត់បាន សាបកូនហើយស្ទូង ធ្វើរងឱ្យស្អាតវែកដីឱ្យស្អាត ក៏ដាក់ដាំតែម្តង វាមិនខុសគ្នាប៉ុន្មានទេប្រហែលតែជីនាងវងដែរ ដូចតែគ្នា តែជីនាងវងវារហ័សងាប់ ដល់ដាំម្រះព្រៅនេះអាយុវាវែង មួយឆ្នាំដកចោលម្តង តែដកមិនដកទាំងអស់ទេដកឆ្លាស់គ្នា អាណាមុន ដកមុន អាណាដាំក្រោយដកតាមក្រោយ វិលទៅវិលមកតែអានេះឯងអត់ឲ្យដាច់ទេ ១០បាច់ ១,០០០រៀល មួយថ្ងៃបានប្រហែល៣០០បាច់អី បាន៣ទៅ៤ម៉ឺនបើប៉ះថ្លៃដែរបានក្រែលគ្រាន់ដែរ។

លោក ក្រុម ពន្លក បានបញ្ជាក់ថា ម្រះព្រៅជាដំណាំមួយប្រភេទងាយស្រួលដាំ និងថែទាំ ក្នុងមួយថ្ងៃត្រូវ ស្រោចទឹកតែម្តងប៉ុណ្ណោះ ហើយអាចកាត់លក់បានជារៀងរាល់ថ្ងៃ ព្រោះមិនសូវជួបបញ្ហាជំងឺ ឬសត្វល្អិត បំផ្លាញឡើយ។ សូមជម្រាបផងដែរថា ម្រះព្រៅជាដំណាំមួយប្រភេទដែលមានដាំដុះស្ទើរតែនៅគ្រប់ផ្ទះរបស់កសិករ តាមទីជនបទនានា។ ស្លឹករបស់ម្រះព្រៅ មានក្លិនហាងប្រហើរឆួល អាចប្រើប្រាស់បានជាបន្លែ គ្រឿងទេស និងជាឱសថផង៕

ប្រភព៖ ក្រសួងព័ត៌មាន