សម្ដេចតេជោ ហ៊ុន​ សែន៖ « បច្ចុប្បន្នបរទេសស្គាល់កម្ពុជា តាមរយៈផលិតផលកសិកម្មជាច្រើនពិសេសគឺអង្ករ និងស្វាយចន្ទី»
សេដ្ឋកិច្ច April 20, 2023 Khmernote

នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី២០​ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះសម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នបរទេសស្គាល់កម្ពុជាកាន់តែច្រើនជាងមុន តាមរយៈផលិតផលកសិកម្មជាច្រើនពិសេសនោះគឺអង្ករ ស្វាយចន្ទី និងម្រេចជាដើម។ សម្ដេចតេជោ បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បាននាំចេញអង្ករទៅ ៧៣ប្រទេសយ៉ាងតិច ខណៈស្វាយចន្ទីកម្ពុជាក៏កំពុងត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ៕

គូរបញ្ជាក់ផងដែរថា យោងតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ​ទទួលបានទឹកប្រាក់ជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ តាមទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ សម្រេចបាន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក៕

អត្ថបទ៖ លីនី