(សាធារណរដ្ឋកូរ៉េ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរ និងថ្លែងអំណរគុណជូនដល់ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបងប្អូនពលករខ្មែរ និស្សិតខ្មែរ អង្គទូត និងភាគីកូរ៉េ សរុបប្រមាណ ៥ពាន់នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបង្ហាញនូវក្តីរំភើប ដែលបានឃើញវត្តមានចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនខ្មែរ ទាំងអស់មកពីគ្រប់តំបន់ មានចម្ងាយឆ្ងាយរាប់រយគីឡូ និងចំណាយពេលច្រើនម៉ោងដើម្បីចូលរួមកម្មវិធីមហាសង្កា្រន្តនេះ ជាពិសេសក៏មានវត្តមានរបស់ឯកឧត្ដម គីម ដុងគិន អភិបាលក្រុងអឺយចុងប៊ូ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី កោតសរសើរចំពោះលោកជំទាវ ជ្រឹង បុទុមរង្សី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ និងសហការីដែលបានខិតខំបំពេញភារកិច្ចការទូតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការល្អ កម្ពុជា កូរ៉េ ទាំងផ្នែកសេដ្ឋកិច្ច អប់រំ និងវិស័យការងារ។ល។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា៖ «បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្មួយៗជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង ធនធាន និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅប្រទេសយើង មិនតែប៉ុណ្ណោះ ក្មួយៗ ក៏ជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់របស់កូរ៉េ ដែលពួកគេតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ»។
គួរបញ្ជាក់ជូនដែរថា សម្តេចតេជោ ហ៊ុន សែន បានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានភាពរីកចម្រើន ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីចុងឆ្នាំ២០២២ថ្មីៗនេះ សម្តេចតេជោ ក៏បានជួបប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាការងារ និងពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕


ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ


