ក្រុមអ្នកសង្កេតការណ៍ទីផ្សារបាននិយាយថា តម្លៃ iPhone 14 នៅក្នុងប្រទេសវៀតណាម ដែលស្ថិតក្នុងចំណោមតម្លៃទាបបំផុតនៅលើពិភពលោកនឹងបន្តធ្លាក់ចុះក្នុងពេលខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ។
បើតាមការលើកឡើងរបស់លោក Phung Phuong ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនលក់រាយទូរស័ព្ទទំនើប Di Dong Viet គឺសង្រ្គាមតម្លៃ iPhone តែងតែកើតមាន ប៉ុន្តែមិនដែលមានភាពខ្លាំងក្លាដូចពេលនេះទេ។ នេះជាលើកទីមួយហើយ ដែលតម្លៃទូរស័ព្ទម៉ូដែលចុងក្រោយរបស់ Apple បានធ្លាក់ចុះខ្លាំង ក្រោយចេញលក់បានត្រឹមកន្លះឆ្នាំ។
យោងតាមអ្នកលក់រាយគ្រឿងអេឡិចត្រូនិចដ៏ធំ មានហេតុផលចំនួនពីរដែលនាំឱ្យមានការប្រជែងតម្លៃនាពេលបច្ចុប្បន្នគឺ ទីមួយ Apple មិនទាន់បានកំណត់តម្លៃក្នុងប្រទេសវៀតណាមនៅឡើយ ដូច្នេះហើយអ្នកចែកចាយក្នុងស្រុកកំណត់តម្លៃលក់របស់ពួកគេទៅតាមតម្រូវការជាក់ស្តែង និងស្ថានភាពទីផ្សារ។ ហាងធំៗតែងតែលក់ស្មាតហ្វូនរបស់ Apple ក្នុងតម្លៃខ្ពស់ជាងហាងលក់ទូរស័ព្ទតូចៗ ១-២ លានដុង ប៉ុន្តែនៅតែអាចទាក់ទាញអតិថិជនបាន ដោយសារការគ្របដណ្តប់ធំទូលាយ កេរ្តិ៍ឈ្មោះល្អ និងសេវាកម្មក្រោយការលក់កាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ហាងតូចៗត្រូវតែទទួលយកប្រាក់ចំណេញទាប ដោយកាត់បន្ថយតម្លៃដើម្បីប្រកួតប្រជែងជាមួយហាងធំៗ។ ទីពីរគឺ នៅដើមឆ្នាំ២០២៣ តម្រូវការស្មាតហ្វូនបានចាប់ផ្តើមធ្លាក់ចុះ ប៉ុន្តែអ្នកលក់បន្តដែលមានការអនុញ្ញាតពី Apple នៅតែនាំចូលផលិតផលមួយចំនួនធំ ដើម្បីទទួលបានការលើកទឹកចិត្តពី Apple ដែលនាំឱ្យឥឡូវនេះសារពើភ័ណ្ឌខ្ពស់ខ្លាំង ដែលបង្ខំឱ្យអ្នកលក់បន្តបញ្ចុះតម្លៃដើម្បីទទួលបានប្រាក់សម្រាប់បង្វិល។
គួរបញ្ជាក់ផងដែរថា ចេញលក់ជាផ្លូវការក្នុងប្រទេសនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ iPhone 14 Pro Max ជំនាន់ដំបូងមានតម្លៃ ៣៤លានដុង (១,៤៤០ ដុល្លារ)។ ប៉ុន្តែត្រឹមតែកន្លះឆ្នាំក្រោយមក តម្លៃបានធ្លាក់ចុះជាង ៧លានដុង ដែលជាអត្រាធ្លាក់ចុះលឿនបំផុតចាប់តាំងពី iPhone ត្រូវបានលក់ជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០១៤។ ជាមួយគ្នានេះ តម្លៃទូរស័ព្ទ iPhone 14 មួយចំនួនផ្សេងទៀតក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕




អត្ថបទ៖ លីនី
ប្រភព៖ vnexpress


