ជប៉ុន អនុញ្ញាតឱ្យទេសចរកម្ពុជាស្នើសុំ eVisa ដើម្បីចូលទៅប្រទេសខ្លួន ដែលមានសុពលភាព ៩០ថ្ងៃ
ទេសចរណ៍ April 14, 2023 Khmernote

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋការតាមអនឡាញ (eVisa) ហើយនេះលើកដំបូងហើយដែលប្រទេសជប៉ុនអនុញ្ញាតឱ្យមាន eVisa ជូនប្រទេសចំនួន១០ ពិសេសគឺមានសុពលភាពរហូតដល់៩០ថ្ងៃ។ គោលការណ៍នេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងទេសចរណ៍។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានសន្យាថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជា ពិសេសលើវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោក អេណុ អាត់ស៊ូស្ស៉ឹ ក៏បានសន្យាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA ពន្លឿនការហោះហើរត្រង់មកកម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកការហោះហើរកាលពីពេលជួបវិបត្តិជំងឺកូវីដ១៩។ បច្ចុប្បន្ន ការធ្វើដំណើរទៅមកកម្ពុជា-ជប៉ុន គឺត្រូវឆ្លងកាត់កូរ៉េខាងត្បូងសិន។
ឯកឧត្តមបានបន្តថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានចេញគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋការតាមអនឡាញ (eVisa) មុនធ្វើដំណើរចូលទៅប្រទេសជប៉ុន។ តាមរយៈការទទួលបានទិដ្ឋការអនឡាញថ្មីនេះ ភ្ញៀវទេសចរអាចដើរទស្សនា ស្នាក់នៅប្រទេសជប៉ុនបានរយៈពេល៣ខែ (៩០ថ្ងៃ) ដោយគិតទាំងការចេញចូលច្រើនដងជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកគោលការណ៍អនុញ្ញាតឱ្យមានការស្នើសុំទិដ្ឋការអនឡាញនេះ គឺពិតជាល្អប្រសើរណាស់សម្រាប់វិស័យទេសចរណ៍ប្រទេសទាំង២ ក្នុងនោះភ្ញៀវទេសចរមិនចំណាយពេលយូរ សន្សំសំចៃប្រាក់ ងាយស្រួល ព្រមទាំងទទួលបានរយៈពេលយូរក្នុងការស្នាក់នៅ ឬដើរទស្សនាប្រទេសជប៉ុន ហើយក៏អាចប្រើទិដ្ឋការនោះចេញចូលប្រទេសជប៉ុនបានច្រើនដងថែមទៀត។

ការធ្វើដំណើររបស់ភ្ញៀវទេសចរកម្ពុជាដែលទៅដល់ប្រទេសជប៉ុន ក្រៅពីដើរទេសចរណ៍ ពួកគេក៏ព្យាយាមដកស្រង់បទពិសោធន៍អំពីការអភិវឌ្ឍ ភាពស្អាត អនាម័យ ក៏ដូចជាការរស់នៅរបស់ប្រជាជនជប៉ុនផងដែរ។ ទេសចរណ៍គឺជាផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ដូច្នេះការដែលប្រជាជនកម្ពុជាឃើញនូវអ្វីដែលល្អនៅប្រទេសជប៉ុន គឺតែងយកមកអនុវត្តនៅប្រទេសកម្ពុជាវិញ។ ភ្ញៀវទេសចរកម្ពុជាដែលទៅជប៉ុនច្រើន គឺនៅអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។

ឯកឧត្តម UENO ក៏បានសន្យាថានឹងបន្តទាក់ទាញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅប្រទេសកម្ពុជាឱ្យបានច្រើនទៀតដែរ ពិសេសការវិនិយោគលើវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនអំពីរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឱ្យមានផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍បេតិកភណ្ឌដ៏ធំនៅកម្ពុជា ព្រមទាំងតំបន់ដែលមានសក្ដានុពលជុំវិញនោះ ដូចជាតំបន់ភ្នំគូលែន តំបន់បន្ទាយស្រី តំបន់បឹងទន្លេសាប។ ក្រៅពីនេះកម្ពុជាក៏បានរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាគោលដៅទេសចរណ៍អេកូទេសចរណ៍ គោលដៅទេសចរណ៍តំបន់ឆ្នេរជាដើម។ លោករដ្ឋមន្ត្រីថា តំបន់ទាំងនេះគឺត្រូវការអ្នកវិនិយោគច្រើនទៀតសម្រាប់បង្កើត និងពង្រីកផលិតផលទេសចរណ៍នៅកម្ពុជា៕

ប្រភព៖ ក្រសួងទេសចរណ៍