យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថា ខេត្តមណ្ឌលគិរី អាចផ្គត់ផ្គង់បន្លែបានជាង ១២តោន ក្នុងមួយថ្ងៃៗ ទៅកាន់ទីផ្សារនៅទូទាំងប្រទេស ដើម្បីបំពេញតម្រូវការក្នុងការបរិភោគ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តមណ្ឌលគិរី» កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ខេត្តមណ្ឌលគិរី អាចផ្គត់ផ្គង់បន្លែបានជាង១២តោន ក្នុងមួយថ្ងៃ ដោយមាន ក្រុមហ៊ុនចំនួន៦បានបញ្ជាទិញ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មួយចំនួនទៀត។ លោក ប្រធានមន្ទីរកសិកម្ម បានបន្តថា ខេត្តមណ្ឌលគិរីជាខេត្តមួយស្ថិតនៅតំបន់ភ្នំ មានសក្ដានុពល ដាំបន្លែ ដូចជាស្ពៃក្ដោបមានរសជាតិឆ្ងាញ់ស្រួយ ដោយសារអាកាសធាតុត្រជាក់ល្អជាដើម។
« ជាមធ្យមយើងគិតថា ក្នុងបន្លែបច្ចុប្បន្ននេះយើងមានការទទួលបញ្ជាទិញពីក្រុមហ៊ុនចំនួន៦ ដែលទិញពីខេត្តមណ្ឌលគិរីសម្រាប់ផ្គត់ផ្គង់ទីផ្សារ មករាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ដែលជា មធ្យមយើងអាចផ្គត់ផ្គង់បាន រង្វង់ប្រហែលជា១២តោនដែរ ជាការតិចតួចនៅឡើយទេ តែយើងអាច មានលទ្ធភាព ក្នុងការផ្គត់ផ្គង់មកទីផ្សារខាងក្រៅបាន »។
លោក ប្រធានមន្ទីរកសិកម្ម បានឱ្យដឹងទៀតថា ខេត្តមណ្ឌលគិរី ក្រៅពីមានសក្តានុពលបន្លែ ខេត្តក៏មាន ដំណាំសក្តានុពលមួយចំនួនទៀត ដូចជា កាហ្វេដែលមានផ្ទៃដីដាំដុះប្រមាណ ៣៥១ ហិកតា ស្វាយចន្ទី មានផ្ទៃដីដាំដុះប្រមាណ ១១.១១៥ហិកតា ដំឡូងមី ១៦ ៨៧៣ ហិកតា ដំណាំកាកាវផ្ទៃដីដាំដុះប្រមាណ ៣ ពាន់ហិកតា ប៊ឺរមានផ្ទៃដីដាំដុះប្រមាណ ៣០០ ហិកតា និងក្រូចវល្លិ៍ មានផ្ទៃដាំដុះប្រមាណ ៤២ ហិកតា។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ផ្ទៃដីមានទំហំធំ ដីមានជីជាតិអំណោយផល ដល់ការដាំដុះដំណាំកសិកម្ម និងដំណាំកសិ-ឧស្សាហកម្ម ក្នុងនោះ ខេត្តមានផ្ទៃដីអាចដាំដុះ ដំណាំស្រូវ នៅស្រុកកោះញែក ផ្ទៃដីដាំដុះដំណាំផ្សេងៗនៅក្រុងសែន មនោរម្យ ស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកអូររាំង ជាដើម។ល។ ទន្ទឹមនឹងនោះដែរ ផ្ទៃដីខេត្ត មណ្ឌលគិរី ក៏បានបង្កភាពងាយស្រួលដល់បណ្ដាក្រុមហ៊ុន ក្នុងការធ្វើវិនិយោគក្នុងខេត្ត ជាក់ស្ដែងរហូត ដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនកំពុងធ្វើការវិនិយោគក្នុងខេត្តចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដី ១៤៧.០១៣,០៥ហិកតា ។ ដំណាំកៅស៊ូ នៅទូទាំងខេត្តសរុបចំនួន ៤២.៥៣៧,៤១ហិកតា ក្នុងនោះ កៅស៊ូក្រុមហ៊ុន ៣១.២៣១,៩៨ ហិកតា, កៅស៊ូគ្រួសារ ១១.៥៧០,៤៣ហិកតា៕


ប្រភព៖ ក្រសួងព័ត៌មាន


