យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា សហគ្រាសកាត់ដេរជាច្រើននៅក្នុងទីក្រុង ហូជីមិញ បានជួបបញ្ហាអស់ការបញ្ជាទិញពីសំណាក់អ្នកទិញនៅជុំវិញពិភពលោក។ ប្រភពដដែលបានឱ្យដឹងថា សហគ្រាសកាត់ដេរ ទាំងនោះមានការបញ្ជាទិញត្រឹមតែខែមេសានេះតែប៉ុណ្ណោះ។
បើតាមលោក Cao Huu Hieu អគ្គនាយកនៃក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរជាតិវៀតណាម (Vinatex) បានឱ្យដឹងថា ស្ថានភាពក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ គឺអាក្រក់ខ្លាំងណាស់ ហើយតម្លៃនៃការបញ្ជាទិញជាច្រើនត្រូវបានកាត់បន្ថយ ២ ទៅ ៣%។ លោកបានបន្ថែមថា ទីផ្សារពិភពលោកអាចធ្លាក់ចុះពី ៧៥០ពាន់លានដុល្លារទៅ ៧១២ពាន់លានដុល្លារ ឬអាចដល់ ៦៨៧ពាន់លានដុល្លារនៅឆ្នាំនេះ ដែលនឹងធ្វើឱ្យវាជារយៈពេលដ៏លំបាកសម្រាប់ឧស្សាហកម្មនេះ។
ជាមួយគ្នានោះដែរ លោក Pham Xuan Hong ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរទីក្រុងហូជីមិញ បាននិយាយថា ទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបមិនបានបង្ហាញសញ្ញានៃការងើបឡើងវិញទេ។ ដោយឡែក លោក Vu Duc Giang ដែលជាប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាមួយរូបដែរ លើកឡើងថា អ្នកទិញនៅទូទាំងពិភពលោកកំពុងផ្លាស់ប្តូរ មិនត្រឹមតែទាមទារគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការផ្គត់ផ្គង់យ៉ាងឆាប់រហ័សផងដែរ មានន័យថា អ្នកផលិតត្រូវការឧបករណ៍ទំនើបៗដើម្បីបំពេញតម្រូវការរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់សម្រាប់ខែមករាដល់ខែមីនា បានធ្លាក់ចុះ ១៧.៤% ពីឆ្នាំមុនមកត្រឹម ៧.២ ពាន់លានដុល្លារ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្នកវិភាគបានព្យាករណ៍ថា ទីផ្សារវាយនភណ្ឌ និងកាត់ដេរនឹងងើបឡើងវិញបន្តិចក្នុងត្រីមាសទី២ ប៉ុន្តែវៀតណាមនឹងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីប្រទេសបង់ក្លាដែស ឥណ្ឌា និងចិន៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


