យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តរតនគិរី បានសន្យាថា នឹងខិតខំធ្វើយ៉ាងណាឱ្យមានព្រលានយន្តហោះ មួយ ដែលមានទំហំទីតាំងរហូតដល់១៤០០ហិកតា នៅចំណុចកណ្តាលរវាងខេត្តចំនួន៤ ដែលមានព្រំប្រទល់ជាប់គ្នា។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស អញ្ជើញទៅធ្វើការវិនិយោគឱ្យបានច្រើនផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាព ជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការ គណៈរដ្ឋមន្ត្រី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី អំពាវនាវ វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ទៅធ្វើការវិនិយោគក្នុងខេត្ត នាភូមិភាគឦសាននេះ ហើយក្នុងនាមជារដ្ឋបាលខេត្តត្រៀមខ្លួនស្វាគមន៍ និងសម្របសម្រួលគ្រប់ កិច្ចការអន្តរាគមន៍គ្រប់ទិដ្ឋភាព។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា សក្តានុពលរបស់ខេត្តរតនគិរីមានធំៗ ចំនួន៣គឺ៖ ១.វិស័យទេសចរណ៍, ២.កសិឧស្សាហកម្ម និង៣.វិស័យធនធានរ៉ែ។ ជាមួយគ្នានោះដែរ ឯកឧត្តមថា រដ្ឋបាលខេត្តបានកំពុងតែផ្តោតសំខាន់លើវិស័យទេសចរណ៍ ដូច្នេះ សូមអ្នកទេសចរណ៍អញ្ជើញទៅទស្សនា ពិសេសនោះថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរខាងមុខនេះ មើលសក្តានុពលដែលអាចធ្វើការវិនិយោគនៅទីនោះ។ ភូមិភាគឦសាន គឺជាតំបន់អភិវឌ្ឍន៍ប៉ូលទី៥ ដែលរាជរដ្ឋាភិបាលបានកំណត់។ នៅក្នុងខេត្តក៏មានផ្លូវធំៗ ជាច្រើន ហើយត្រូវបានសម្តេចតេជោកោតសរសើផងដែរ។
ឯកឧត្តមបានឱ្យដឹងថា នៅថ្ងៃអនាគតនៅកណ្តាលទីក្រុង បានលុង នឹងមានសួនច្បារ មួយដ៏ធំពិសេស នៅចុងឆ្នាំនេះនឹងមានសមិទ្ធផលប្លែកៗជាច្រើនទៀត។ ក្នុងនោះរដ្ឋាភិបាល ខេត្តក៏គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះ ដែលមានទីតាំងរហូតដល់១៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា «អីចឹងទេ ខ្ញុំសូមអញ្ជើញអ្នកវិនិយោគផ្នែកព្រលាន យន្តហោះមកធ្វើការវិនិយោគ។ ទីតាំងព្រលានយន្តហោះនោះគឺ ជាចំណុចកណ្តាល រវាងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។ ឱ្យតែជួបអ្នកវិនិយោគបរទេស គេសួរខ្ញុំថាតើ មានព្រលានយន្តហោះឬនៅ»។
ឯកឧត្តមថា ក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំធ្វើយ៉ាងណា ឱ្យមានព្រលានយន្តហោះ នៅក្នុងខេត្ត នាភូមិភាគឦសានមួយនេះ៕ ដោយ៖ ប៊ុនរិទ្ធ

ប្រភព៖ ក្រសួងព័ត៌មាន


