នំបញ្ចុកសៀមរាប ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសមូហភាព និងចងក្រងរូបមន្ត នៃការផលិត
ទេសចរណ៍ April 4, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នំបញ្ចុកសៀមរាប ដែលផលិតឡើងតាមបែបបុរាណមានរសជាតិឆ្ងាញ់ និងកេរ្តិ៍ឈ្មោះ ល្បីល្បាញ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃចុះបញ្ជីម៉ាកសមូហភាព។

ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនេះ មានសារៈសំខាន់ណាស់ទី១ គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិតនំ បញ្ចុកសៀមរាប ពីព្រោះថា កន្លងមកនេះ ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់ តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមក ប៉ុន្តែពុំទាន់បានចងក្រងជា ឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។

ដូចនេះហើយ បានជាថ្ងៃនេះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជីវក ផលិតករ នំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីចងក្រងរូប មន្តនៃការផលិតនំបញ្ចុកសៀមរាបមួយ ថាគេប្រើគ្រឿងផ្សំអ្វីខ្លះបាន ធ្វើឱ្យនំបញ្ចុកសៀមរាប មានរសជាតិឆ្ងាញ់ពិសេសជាងគេ ហើយការចងក្រងនេះ អាចទុកប្រើប្រាស់ជារួម និងរក្សា ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ការចុះបញ្ជីម៉ាកសមូភាពនេះ ក៏អាចទាក់ទាញភ្ញៀវទេសចរមកទទួលទាននំបញ្ចុកបានកាន់តែច្រើន។

ឯកឧត្តមក៏បានរំពឹងថា នៅថ្ងៃអនាគតនឹងមានការជំរុញឱ្យមានការវេចខ្ចប់ នំបញ្ចុកក្រៀមសម្រាប់ការនាំចេញផងដែរ។ ការលើកឡើងរបស់ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មបែបនេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត កំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករ នំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្ដម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងដែរថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការកែច្នៃផលិតផល នាំចេញដូចមានចែងនៅក្នុងយុទ្ធសាស្ត សមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ ក្រសួងពាណិជ្ជកម្ម បានកំពុងបង្កើនល្បឿនចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ “នំបញ្ចុកសៀមរាប” ក៏ត្រូវបាន កំណត់ជាផលិតផល សក្តានុពលត្រូវចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនំបញ្ចុក របស់កម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ពោធឱ្យប្រើ ប្រាស់ជាផ្លូវការម៉ាក សម្គាល់ភូមិសាស្ត្រទំនិញរួមមាន៖ “អំបិលកំពតកែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត-កែប” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” “នំបញ្ចុកសៀមរាប” “ក្រូចថ្លុងកោះពីរ” និង “ដូងខ្ទះបាត់ដំបង” នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីទិវាកម្ម សិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជា ជាសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលមានសក្តានុពល ចំនួន ៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងបានចុះបញ្ជីម៉ាកសមូហភាព ចំនួន ៣ រួមមាន៖ “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះ វិហារ”៕ ដោយ ឃុត សៅ

ប្រភព៖ ក្រសួងព័ត៌មាន