រយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៣ កម្ពុជា​​​​រកចំណូលបានជាង ១១លានដុល្លារ ​ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
សេដ្ឋកិច្ច April 3, 2023 Khmernote

តាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ២៣៦,៣៤១នាក់។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣,៧៤៨,៧០០ ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៧៩,៣៩០នាក់។

សូមជម្រាបថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៤៧២,៦៨២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

អត្ថបទ៖ លីនី