រថយន្តកុងតឺន័រដឹកកសិផលរបស់វៀតណាម ៨០០ គ្រឿង បានជាប់គាំងនៅព្រំដែនវៀតណាម-ចិន
សេដ្ឋកិច្ច April 3, 2023 Khmernote

កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ រថយន្តកុងតឺន័រជាង ៨០០គ្រឿងបានជាប់គាំងនៅច្រកព្រំដែនវៀតណាម-ចិនក្នុងខេត្ត Lang Son ចំពេលមានការកើនឡើងនៃការដឹកជញ្ជូនកសិផលនៅពាក់កណ្ដាលរដូវប្រមូលផល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ដែលបានចុះផ្សាយកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ។

តាមសារព័ត៌មានខាងលើ រថយន្តកុងតឺន័រដែលជាប់គាំងនោះភាគច្រើនជារថយន្តដឹកកសិផលវៀតណាមដូចជា ខ្នុរ ទុរេន ស្វាយ និងផ្លែស្រកានាគ ដោយសារតែផ្លែឈើទាំងនេះ កំពុងស្ថិតក្នុងរដូវប្រមូលផលក្នុងប្រទេសវៀតណាម ហើយអ្នកនាំចេញបានពន្លឿនការចែកចាយរបស់ពួកគេទៅកាន់អ្នកទិញចិន ដើម្បីធានាថាផ្លែឈើទៅដល់ជាមួយគុណភាពល្អបំផុត។

ជាមួយគ្នានេះដែរ ការជាប់គាំងមិនមែនមានតែច្រកព្រំដែន Lang Son នោះទេ គឺសូម្បីតែច្រកទ្វារព្រំដែនអន្តរជាតិ Dong Dang ក៏មានការជាប់គាំងកុងតឺន័រដឹកទំនិញដែរ ពោលគឺ កុងតឺន័រដែលឆ្លងកាត់ ១ពាន់គ្រឿងក្នុងមួយថ្ងៃ គឺអាចដំណើរការឆ្លងកាត់ទៅប្រទេសចិនបានតែពាក់កណ្ដាលប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការកកស្ទះនៃរថយន្តកុងតឺន័រនៅច្រកទ្វារព្រំដែនបាននិងកំពុងកើតឡើងជាច្រើនឆ្នាំមកហើយ ជាពិសេសក្នុងរយៈពេលមានការរាតត្បាតដោយសារជំងឺកូវីដ-១៩ នៅពេលដែលវិធានការសុវត្ថិភាពត្រូវបានដាក់ចេញ ហើយកុងតឺន័ររាប់ពាន់ត្រូវបានជាប់គាំង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress