បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តម៉ាកល្បីៗចំនួន ៨ និងរោងចក្រផលិតសំបកកង់ចំនួន ២ ដែលផ្ដល់ទាំងការងារដល់ពលរដ្ឋ និងដល់ទីផ្សារកៅស៊ូខ្មែរ
សេដ្ឋកិច្ច March 31, 2023 Khmernote

ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើនដូចជា Hyundai, Kin, Ssangyong, Soueast, Dongleng, Ford, Toyota និងរោងចក្រដំឡើងរថយន្តរបស់ជប៉ុន ISUZU ដែលទើបតែត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងតង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើនដូចជា Hyundai, Kin, Ssangyong, Soueast, Dongleng, Ford, និង Toyota ហើយថ្ងៃនេះម៉ាកយីហោដ៍ល្បីមួយទៀតគឺ ISUZU បានបោះទុនបង្កើតរោងចក្រដំឡើងនៅកម្ពុជា ដែលសបញ្ជាក់ពីជំនឿយ៉ាងមុតមាំពីសក្តានុពលនៃទីផ្សាររថយន្តកម្ពុជាដែលមានការកើនឡើងជាលំដាប់ ស្រប នឹងកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា ក្រៅពីរោងចក្រដំឡើងរថយន្ត កម្ពុជាក៍មានការវិនិយោគក្នុងការផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គុំរថយន្តជាច្រើនផងដែរដូចជា៖ រោងចក្រផលិតខ្សែភ្លើងក្នុងរថយន្ត កៅអី ប្រព័ន្ធអគ្គិសនី និងម៉ូទ័រនានានៅក្នុងរថយន្ត។ ជាងនេះទៅទៀត បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ នៅខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគសរុបប្រមាណ ៨៧១លានដុល្លារអាមេរិក ដែលនឹងមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់ទីផ្សារដល់កៅស៊ូកម្ពុជាផងដែរ៕

អត្ថបទ៖ លីនី