ឯកឧត្តម ទៀ សីហា៖ ក្រុងសៀមរាប ទទួលបានពានរង្វាន់ជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ (Best Countdown City Of The year) ចំនួន ៣លើក
ទេសចរណ៍ March 29, 2023 Khmernote

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រុងសៀមរាប ទទួលបានពានរង្វាន់ជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ (Best Countdown City Of The year) ចំនួន ៣លើក ក្នុងនោះចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ ចំណាត់ថ្នាក់លេខ ២ ប្រចាំឆ្នាំ២០២១ និងចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដសៀមរាប» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមអភិបាល បានគូសបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់ និងការគាំទ្ររបស់ខេត្តសៀមរាបនេះ គឺផ្អែកលើសក្ដានុពលខេត្ត ដែលជាខេត្តទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ត ការរៀបចំកែលម្អសោភ័ណភាពទីក្រុង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយ ប្រកបដោយភាពទាក់ទាញ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។​

គួរបញ្ជាក់ផងដែរថា តាមការលើកឡើងរបស់ឯកឧត្ត​ម ទៀ សីហា ក្រៅពីជ័យលាភីខាងលើ ក្រុងសៀមរាបក៏ទទួលបានជ័យលាភីជាច្រើនទៀត ក្នុងនោះរួមមាន៖ ពានរង្វាន់ជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី២ នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២,ជ័យលាភី ផ្ការំដួល ៣ទង ៣លើកជាប់គ្នា គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៨ និងឆ្នាំ២០២២ ក្នុងចលនាប្រឡងប្រណាំងតីក្រុងស្អាត​ និង “ភូមិវត្តបូព៌” ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក តាមរយៈគេហទំព័រ Time Out និងបានផ្សព្វផ្សាយដោយ CNN៕

អត្ថបទ៖ លីនី