រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាប តម្លៃ១១៥លានដុល្លារ សម្រេចបាន ៩៩%ហើយ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខនេះ
សេដ្ឋកិច្ច March 28, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានសមត្ថភាពអាចផលិត ៦០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមឥណទានសម្បទានរបស់ JICA បានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្រ បាននឹងកំពុងអនុវត្តគម្រោងស្របទៅតាមផែនការដែលបានគ្រោងទុកដោយគម្រោងអនុវត្តបាន ៩៩ភាគរយហើយ និងគ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលលើកការអភិវឌ្ឍន៍វិស័យទឹកស្អាត។

លោកបានបន្ដថា រោងកច្រផលិតទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ នៅលើផ្ទៃដីចំនួន៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ ១១៥លានដុល្លាអាមេរិក ក្រោមគម្រោងឥណទានរបស់អង្គការ JACA ដែលអាចផលិតទឹកស្អាត និងចែកចាយទឹកទៅដល់ប្រជាពលរដ្ឋប្រើប្រាស់បានជាង ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ដោយបានបូមទឹកពីបឹងទន្លេសាប ហើយការផលិតទឹកស្អាតនេះ មិនត្រឹមតែចែកចាយប្រើប្រាស់នៅក្នុងក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងមានគម្រោងចែកចាយទៅដល់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ ស្រុកសូទ្រនិគម នៅភូមិធម្មជាតិរុនតាឯក ភូមិធម្មជាតិពាក់ស្នែង និងស្រុកប្រាសាទបាគងផងដែរ ខណៈរោងចក្រថ្មីនេះ មានអាងស្ដុកទឹកទុកចំណុះមួយម៉ឺនម៉ែត្រគីប ហើយអាចបន្តការចែកចាយទឹកស្អាតបានដែរ បើទោះបីដាច់ប្រព័ន្ធចរន្ដអគ្គីសនីក៍ដោយ ។

សូមបញ្ជាក់ថា បច្ចុប្បនេះ ខេត្ដសៀមរាបមានរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែងហើយ ដោយពីរកន្លែងមានទីតាំងស្ថិតនៅសង្កាត់ទឹកវិល អាចផលិតទឹកសម្រាប់ប្រើប្រាស់បានជាង២ម៉ឺន៥ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលរាប់ទំាងរោងចក្រថ្មីនៅសង្កាត់ជ្រាវផង អាចចែកចាយនិងផលិតទឹកស្អាតបានជិត១០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃនិងមានសម្ថភាពគ្រប់គ្រងទៅលើតម្រូវការទឹកស្អាតនៅក្រុងសៀមរាបរហូតដល់ទៅឆ្នាំ២០៣០។

អនុវត្តតាមអនុសាសាន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញក្រុមការងារសាងសង់បំពង់មេនាំទឹកស្អាតជូនប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក តបណ្តាញមេ និងបណ្តាញចែកចាយប្រវែង ៦៧,៣៣គីឡូម៉ែត្រ ហើយគម្រោងនេះនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣ និងសាងសង់បំពង់មេនាំទឹកស្អាតទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងអនុវត្តបានប្រវែងសរុប ១៨គីឡូម៉ែត្រ ហើយគម្រោងនេះនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប