ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ អំពាវនាវ ឱ្យបន្តការប្រុងប្រយ័ត្ន ខណៈហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង
សេដ្ឋកិច្ច March 27, 2023 Khmernote

លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្ន ខណៈហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។

លោកស្រី បានលើកឡើងបែបនេះ កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះក៏បានរម្លឹកឡើងវិញផងដែរ នូវទស្សនៈរបស់លោកស្រីថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយកំណើនពិភពលោកបានធ្លាក់ចុះមកនៅក្រោម 3% ដោយសារផលប៉ះពាល់បន្សល់ពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុ។

ជាមួយគ្នានេះដែរ នៅឯវេទិកាអភិវឌ្ឍន៍ចិន លោកស្រី Georgieva បានលើកឡើងថា ទោះបីជាមានទស្សនវិស័យកាន់តែប្រសើរឡើងសម្រាប់ឆ្នាំ២០២៤ ក៏ដោយ ក៏កំណើនពិភពលោកនឹងនៅតែទាបជាងមធ្យមភាគចាស់របស់ខ្លួនដែលមាន ៣.៨ ភាគរយ ហើយទស្សនវិស័យទាំងមូលនៅតែខ្សោយ។

គួរបញ្ជាក់ផងដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែល​បាន​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថាមានចំនួន ២.៩ ភាគរយ​នៅ​ឆ្នាំ​នេះ គ្រោង​នឹង​ចេញ​ផ្សាយ​ការ​ព្យាករណ៍​ថ្មី​នៅ​ខែ​ក្រោយ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia