គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ
សេដ្ឋកិច្ច March 25, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួង​សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយ លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិនៃប្រទសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងធំៗចំនួន៣ ជម្រាបទៅដល់គណៈប្រតិភូ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន ដែលក្នុងនោះមានដូចជា៖ (១)គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC (២)គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd និង (៣) គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

ជាការឆ្លើយតប លោក ZHANG Zhiqing បានជម្រាបថា ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ ដោយឡែកចំពោះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភាគីចិនស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញ៕

អត្ថបទ៖ លីនី