សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម
សេដ្ឋកិច្ច March 25, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ជាមួយនឹងការប្រកាសដាក់ខេត្តចំនួន ៤ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤នៅភាគពាព្យ័យ ដោយផ្សាភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគ ក្នុងនិងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញ កសិផល វារីវប្បកម្ម និងបសុសត្វ ទៅកាន់ទីផ្សារចិន និងអន្តរជាតិនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម។

សម្ដេចតេជោបានថ្លែងដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបកាងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ នារសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងកសិកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍ចំនួន ៦ចំណុច ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តន៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងនោះរួមមាន ទី១. ត្រូវបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយ បរិយាប័ន្ន និងចីរភាព ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះការអភិវឌ្ឍកសិកម្មត្រូវមានផែនការច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ ក្រសួងពាណិជ្ជកម្មត្រូវជួយវាយតម្លៃជាប្រចាំនូវតម្រូវការទីផ្សារ និងសហការសម្រួលទីផ្សារសម្រាប់កសិផលទាំងក្នុង និងក្រៅប្រទេស ។ ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន ត្រូវផ្តល់អាទិភាពទៅលើគ្រួសារក្រីក្រឱ្យទទួលបានលទ្ធភាពប្រកបមុខរបរកសិកម្ម ប្រកបដោយស្ថិរភាពតាមបែបប្រពលវប្បកម្ម។ ចំពោះចីរភាពកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់លើការថែរក្សាគុណភាពដី និងសន្សំសំចៃការប្រើប្រាស់ទឹក ដោយប្រើប្រព័ន្ធស្រោចស្រពមានប្រសិទ្ធភាពខ្ពស់ផ្នែកថាមពល។ ចំពោះភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយមត្រូវរៀបចំផែនការថែរក្សាទឹកសម្រាប់រដូវប្រាំង និងព្យាករណ៍ទឹកជំនន់ឱ្យបានទាន់ពេលវេលា។ ដោយឡែកការអភិវឌ្ឍពូជសុទ្ធ (ទាំងរុក្ខជាតិ និងសត្វ) ដែលត្រូវនឹងតម្រូវការទីផ្សារ ធន់នឹងអាកាសធាតុ ធន់នឹងសមាសភាពចង្រៃ និងមានផលិតភាពខ្ពស់ គឺជាកត្តាចាំបាច់ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវវិនិយោគ។ ចំពោះការផលិតពូជស្រូវ សម្តេចបានណែនាំឱ្យជំរុញបន្ថែមការផលិតស្រូវពូជសុទ្ធ ផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។

ទី២. ត្រូវពន្លឿនការរៀបចំផែនការ និងការអនុវត្តគំនិតផ្តួចផ្តើមប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ ដោយផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគិនក្នុងនិងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផលវារីវប្បកម្ម និងបសុសត្វទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ។ ទី៣. ត្រូវរៀបចំឱ្យបានម៉ត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសឱ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះគឺជាគោលនយោបាយដែលគណបក្សប្រជាជន បានអនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្ម ជូនប្រជាជននៅតាមជនបទសម្រាប់អាណត្តិថ្មីក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ។ អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលាជូនកសិករ។ ទី៤. ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។

ដើម្បីសម្រេចគោលដៅនេះក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តន៍ការងារប្រកបដោយសហថាមពល (Synegy) ពោលគឺត្រូវស្ថិតក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលការអនុវត្តន៍ការងារត្រូវមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ អនុវត្តន៍កិច្ចការព្រមគ្នា មានសង្គតិភាពជាមួយគ្នា និងមានការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែងការក្តាប់បាននូវបញ្ហាប្រឈមរបស់កសិករ និងផលិតករ ជាអាទិ៍ កង្វះទុនវិនិយោគ និងកង្វះបច្ចេកទេសនឹងត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទផ្ទាល់ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ការវិនិយោគលើការបើកទីផ្សារចន្ទីកម្ពុជានៅបរទេស តាមរយៈការផ្សព្វផ្សាយបង្ហាញផលិតផលនានា ត្រូវអនុវត្តន៍ដោយក្រសួងពាណិជ្ជកម្ម។ ដោយឡែកពាក់ព័ន្ធការស្រាវជ្រាវពូជល្អៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់ និងជំរុញឱ្យអនុវត្តន៍ដោយវិទ្យាស្ថានកាឌី និងវិស័យឯកជន និងត្រូវផ្តល់ការលើកទឹកចិត្តតាមរយៈការចុះបញ្ជីពូជជូនឱ្យបានទាន់ពេលវេលា។ទី៥.ត្រូវជំរុញការអភិវឌ្ឍន៍វារីវប្បកម្មឱ្យកាន់តែទូលាយ ដោយប្រើប្រាស់ពូជវារីជាតិ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងតម្រូវការទីផ្សារខ្ពស់ និងជួយពង្រឹងសមត្ថភាពវិស័យឯកជន លើស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃជលផលសំដៅទៅរកការនាំចេញ ។ ជាមួយនេះត្រូវបង្កើនការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមអភិរក្សធនធានជលផល ប្រកបដោយចីរភាព ព្រមទាំងពង្រឹងការទប់ស្កាត់បទល្មើសជលផល និងការអនុវត្តច្បាប់ដោយពង្រឹង កិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ និងផ្តល់ជម្រើសមុខរបរផ្សេងដល់ប្រជានេសាទ។ទី៦. ត្រូវជំរុញឧស្សាហកម្មឈើដាំ សម្រួលការនាំចូលផលិតផលឈើ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងផ្តល់ជម្រើសមុខរបរផ្សេងៗដល់ប្រជាសហគមន៍ព្រៃឈើ ដើម្បីកាត់បន្ថយសម្ពាធលើធនធានព្រៃឈើ ។ ជាមួយនេះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងកិច្ចសហការឱ្យបានខ្លាំងក្លា ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះអ្នកអនុវត្តន៍ច្បាប់ត្រូវសហការគ្នាជាអន្តរស្ថាប័ន ដើម្បីស៊ើបអង្កេតកំណត់ឱ្យបានច្បាស់នូវមុខសញ្ញា មេក្លោង និងខ្សែរយៈដែលនៅពីក្រោយការទន្ទ្រានដី និងការបំផ្លាញព្រៃឈើយកមកដាក់ទោសតាមច្បាប់៕

ប្រភព៖ ក្រសួងព័ត៌មាន