សញ្ញាល្អ! សិង្ហបុរី ជំរុញឱ្យកម្ពុជានាំចូលផលិតផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ទៅទីផ្សាររបស់ខ្លួន
សេដ្ឋកិច្ច March 24, 2023 Khmernote

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានជំរុញឱ្យកម្ពុជា នាំចូលផលិតផលកសិកម្មឱ្យកាន់តែច្រើនទៅកាន់ទីផ្សារសិង្ហបុរី ក្នុងនោះរួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម។ លោក Gan Kim Yong បានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅឯទីក្រុងម៉ាហ្គាឡាំង ឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម Gan Kim Yong និងសហការី ព្រមទាំងបានថ្លែងអំណរគុណ លើការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ដល់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ កន្លងទៅ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ ក្នុងនោះផងដែរ ឯកឧត្តម Gan Kim Yong បានជំរុញឱ្យភាគីកម្ពុជា នាំចូលផលិតផលកសិកម្មរបស់ខ្លួនឱ្យកាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី រួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តម Gan Kim Yong បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរីបន្ថែមទៀត និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនានា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

អត្ថបទ៖ លីនី